ក្នុងសារពាង្គកាយមានប្រតិកម្មគីមីជីវៈជាច្រើនដែលទ្រទ្រង់លំនាំនៃការរស់នៅរបស់មនុស្ស។ ប្រតិកម្មគីមីទាំងនេះប្រព្រឹត្តទៅបានដោយសារសារធាតុម្យ៉ាងហៅថា អង់ស៊ីម ។
១. អ្វីទៅជាអង់ស៊ីម?
អង់ស៊ីមគឺជាកាតាលីករជីវៈដែលជំរុញល្បឿនប្រតិកម្មផ្សេងៗក្នុងសារពាង្គកាយ។
ក្នុងចំណោមនាទីទាំងអស់ នាទីសំខាន់ជាងគេរបស់ប្រូតេអ៊ីនគឺ ជាអង់ស៊ីម។ នៅក្នុងសារពាង្គកាយមានប្រតិកម្មគីមីជាច្រើន។ ប្រតិកម្មគីមីទាំងនោះប្រើប្រាស់កាតាលីករសរីរាង្គដែលផលិតពីប្រូតេអ៊ីនហៅថាអង់ស៊ីម។
២. ចំណែកថ្នាក់អង់ស៊ីម
ឈ្មោះរបស់អង់ស៊ីមតែងតែបញ្ជាក់ពីនាទីរបស់វា។ ឈ្មោះរបស់អង់ស៊ីមតែងតែបញ្ចប់ដោយពាក្យ “អាស” ទៅលើឈ្មោះរបស់ស៊ុបស្ត្រាត។ Ex : អាមីឡាសជាអង់ស៊ីមដែលបំបែកអាមីដុង។ អង់ស៊ីមនីមួយៗត្រូវបានធ្វើចំណែកថ្នាក់ និងហៅឈ្មោះអាស្រ័យលើកាតាលីករដែលជំរុញល្បឿនប្រតិកម្មគីមី។ គេធ្វើចំណែកថ្នាក់អង់ស៊ីមជា6ក្រុមធំៗ:
ក. អុកស៊ីដូរេដុតាស : ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មអុកស៊ីដូរេដុកម្ម (ប្រតិកម្មរេដុក)។ ថ្នាក់រងរបស់ក្រុមនេះមាន : ដេអ៊ីដ្រូសែនណាស អុកស៊ីដាស អុកស៊ីសែនណាស ពែអុកស៊ីដាស រេដុចតាស និងអ៊ីដ្រុកស៊ីឡាស។
ខ. ត្រង់ស្វ៊ែរ៉ាស : ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មគីមីយថាប្រភេទដោយផ្ទេរម៉ូលេគុលពីបណ្តុំមួយទៅបណ្តុំមួយទៀត ដូចជាបណ្តុំអាមីន បណ្តុំកាបុកស៊ីល មេទីល ផូស្វរីល។ ពាក្យសាមញ្ញសម្រាប់សម្គាល់អង់ស៊ីមក្នុងក្រុមនេះគឺមានបុព្វបទ “ត្រង់ស៏”។ Ex: ត្រង់ស៏កាបុកស៊ីឡាស។
គ. អ៊ីដ្រូឡាស : ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មផ្តាច់សម្ព័ន្ធគីមីដោយការភ្ជាប់អ៊ីយ៉ុង OH– និងអ៊ីយ៉ុង H+ ដែលបានមកពីម៉ូលេគុលទឹក(ប្រតិកម្មអ៊ីដ្រូលីស)។
អ៊ីដ្រូឡាសមាន : កាបូអ៊ីដ្រាស(អាមីឡាស សែលុយឡាស) ប្រូតេអាស លីប៉ាស អេស្ទែរ៉ាស ផូស្វាតាស និងប៉ិបទីដាស។
ឃ. លីយ៉ាស : ជាអង់ស៊ីមដែលបំបែកទឹក កាបូនឌីអុកស៊ីត និងអាម៉ូញ៉ាក់ក្នុងនោះមានដេអ៊ីដ្រាតាស និងឌែមីណាលីយ៉ាស។
ង. អ៊ីសូមេរ៉ាស : ជាអង់ស៊ីមដែលជំរុញប្រតិកម្មក្នុងម៉ូលេគុលដើម្បីរៀបចំ
ម៉ូលេគុលជាថ្មីឡើងវិញ។ អេពីមេរ៉ាសជាអង់ស៊ីមដែលជំរុញប្រតិកម្មក្នុងការរៀបចំបញ្ច្រាសនូវអាតូមកាបូន។ មុយតាសជាអង់ស៊ីមដែលជំរុញប្រតិកម្មក្នុងម៉ូលេគុលដោយធ្វើឱ្យប្រែប្រួលនូវនាទីនៃបណ្ដុំផ្សេងៗ។
ច. លីហ្កាស : ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុលស៊ុបស្ត្រាតពីរ។ ថាមពលដែលផ្តល់ដល់ប្រតិកម្មនេះបានមកពីអ៊ីដ្រូលីសនៃ ATP។ លីហ្កាសរួមមាន : សាំងតេតាស និងកាបុកស៊ីឡាស។
៣. លក្ខណៈរបស់អង់ស៊ីម
- អង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនមានអំពើយថាប្រភេទ។
- អង់ស៊ីមជាប្រូតេអ៊ីនដែលមានសកម្មភាពខ្លាំងក្លាបំផុត។
- អង់ស៊ីមមួយចំនួនតូចអាចបង្កើនល្បឿនប្រតិកម្មគីមីបានមួយភាគធំ។
- អង់ស៊ីមប្រែប្រួលទម្រង់ និងនាទីទៅតាមសីតុណ្ហភាព ឥទ្ធិពល pH និងកំហាប់ស៊ុបស្រ្តាត។
- នៅពេលខ្លះអង់ស៊ីមក៏ត្រូវការកូអង់ស៊ីម ដើម្បីជួយប្រតិកម្មគីមី។
- អង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាសទៅវិញទៅមក។
ក. ឥទ្ធិពលនៃសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីម
អង់ស៊ីមមានដំណើរការប្រសើរបំផុតនៅពេលមានសីតុណ្ហភាពខ្ពស់។ សកម្មភាពរបស់អង់ស៊ីមត្រូវបានបំផ្លាញនៅពេលសីតុណ្ហភាពខ្ពស់ពេក (លើសពី45oC) ឬទាបពេក (០oC)។ អង់ស៊ីមត្រូវបាត់បង់គុណភាព ព្រោះអង់ស៊ីមជាប្រូតេអ៊ីន។ នៅពេលប្រូតេអ៊ីនត្រូវកម្តៅខ្លាំងលើសពី 45oC វាត្រូវផ្លាស់ប្តូរទ្រង់ទ្រាយ។ កាលណាវាបាត់បង់គុណភាព វាមិនអាចមានសកម្មភាពជាកាតាលីករបានទេ។
ខ. ឥទ្ធិពល pH ទៅលើអង់ស៊ីម
សូលុយស្យុងអាស៊ីតខ្លាំងឬបាសខ្លាំងក៏មានឥទ្ធិពលទៅលើសកម្មភាពរបស់អង់ស៊ីមដែរ។ កាលណាសូលុយស្យុងអាស៊ីតខ្លាំង ឬបាសខ្លាំង បណ្តាលឱ្យអង់ស៊ីមបាត់បង់គុណភាព។ អង់ស៊ីមមានសកម្មភាពខ្លាំងនៅ pH = 7។ ក្នុងករណីសូលុយស្យុងអាស៊ីត( pH ពី 7 ដល់ 4.5) ឬបាស( pH ពី 7 ដល់ 9) សកម្មភាពរបស់អង់ស៊ីមថយចុះ។ នៅកម្រិត pH = 4 ឬ 9 អង់ស៊ីមបាត់បង់គុណភាពទាំងស្រុង។
គ. ឥទ្ធិពលស៊ុបស្រ្តាត និងកំហាប់អង់ស៊ីមទៅលើប្រតិកម្ម
គេសង្កេតឃើញថាអង់ស៊ីមមួយម៉ូលេគុលអាចមានអំពើទៅលើស៊ុបស្រ្តាត ចំនួន 10-1000 ម៉ូលេគុល ដោយបង្កើតបានផលិតផលថ្មីចំនួន10-1000 ម៉ូលេគុលក្នុងរយៈពេល តែមួយវិនាទី ហើយវាអាចបំបែកដល់មួយលានស៊ុបស្រ្តាតក្នុងមួយនាទីក្នុងករណីប្រតិកម្មខ្លះ។ កាលណាកំហាប់អង់ស៊ីមកាន់តែខាប់ ល្បឿនប្រតិកម្មគីមីកាន់តែលឿន ប៉ុន្តែនៅ ចំណុចកំពូលណាមួយល្បឿនប្រតិកម្មថេរ។
ឃ. អង់ស៊ីមត្រូវការកូអង់ស៊ីមដើម្បីធ្វើសកម្មភាព
អង់ស៊ីមមួយចំនួនត្រូវការអង្គធាតុសមាសហៅថា កូអង់ស៊ីម ដើម្បីជួយក្នុងប្រតិកម្មផ្សេងៗ។ កូអង់ស៊ីម ខ្លះមិនមែនជាប្រូតេអ៊ីនសរីរាង្គទេ។ វីតាមីនភាគច្រើនជាពិសេសវីតាមីន B កុំផ្លិចសុទ្ធតែជាកូអង់ស៊ីម។
ង. អង់ស៊ីមជាកាតាលីករ
ប្រតិកម្មភាគច្រើនក្នុងសារពាង្គកាយសុទ្ធតែបញ្ច្រាសទៅវិញទៅមក។
A + B <----> C + D
Post a Comment
Post a Comment