ស្លាយ
១. លក្ខណៈពិសេសនៃអង់ស្យូស្ពែម
១.១. សរីរាង្គលូតលាស់
ក. ឫស:
ឫសរបស់រុក្ខជាតិជាផ្នែកមួយដែលធំទូលាយជាងផ្នែកដែលនៅលើដី។ឫសជាផ្នែកយ៉ាងសំខាន់របស់រុក្ខជាតិ។ ឫសរបស់រុក្ខជាតិមាននាទីដូចជា ស្រូបទឹក និងអំបិលខនិជពីដីទៅដើមនិងស្លឹក ចងភ្ជាប់រុក្ខជាតិទៅនឹងដី និងស្តុកទុកអាហារបម្រុង។
ខ. ដើម:
ដើមរបស់រុក្ខជាតិមាននាទីទ្រទ្រង់ផ្នែកដែលនៅលើដីរបស់រុក្ខជាតិ ដឹកនាំសារធាតុរវាងឫស និងស្លឹក និងមាននាទីស្តុកទុកអាហារបម្រុង ហើយផ្នែកដែលខ្ចីនៃដើមក៏មាននាទីធ្វើរស្មីសំយោគផងដែរ។
ជាលិកាសំខាន់របស់ដើមរុក្ខជាតិគឺបាច់សរសៃនាំ(ស៊ីឡែមនិងផ្លូអែម)។
- ស៊ីឡែមមាននាទីដឹកនាំទឹក និងអំបិលខនិជពីឫសតាមដើមទៅកាន់ស្លឹករបស់រុក្ខជាតិ។
- ផ្លូអែម ជាជាលិកានាំដែលដឹកនាំអាហារ(គ្លុយកូស) ទៅគ្រប់កោសិកាទាំងអស់ដែលមិនអាចធ្វើរស្មីសំយោគបាន។
- នៅចន្លោះស៊ីឡែម និងផ្លូអែមគឺស្រទាប់មេ។ ស្រទាប់មេជាជាលិកាដែលផលិតស៊ីឡែមនិងផ្លូអែមថ្មីៗ។
គ.ស្លឹក
ស្លឹកជាសរីរាង្គដែលមាននាទីធ្វើរស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គ។
នៅក្នុងស្លឹកមានស្រទាប់ដូចជាស្រទាប់អេពីឌែលើ និងក្រោម ស្រទាប់បាលីសាត និងស្រទាប់ស្ពោត។ ស្រទាប់បាលីសាតមានកោសិកាដែលមានក្លរ៉ូប្លាសផ្ទុកក្លរ៉ូភីល។ វាមាននាទីសំខាន់ក្នុងដំណើររស្មីសំយោគដើម្បីផលិតសារធាតុសរីរាង្គ(គ្លុយកូស)។ ស្រទាប់ស្ពោតផ្ទុកបាច់សរសៃនាំ (ស៊ីឡែម និងផ្លូអែម)សម្រាប់ដឹកនាំសារធាតុផ្សេងៗ។ ស្រទាប់អេពីឌែលើ និងក្រោមមាននាទីការពារផ្ទៃស្លឹក និងការបាត់បង់ទឹកច្រើន ហើយមានស្តូម៉ាតសម្រាប់បណ្ដូរឧស្ម័ន និងរំភាយចំហាយទឹក។
១.២ សរីរាង្គបន្តពូជ
ផ្កាជាសរីរាង្គភេទរបស់រុក្ខជាតិ។ ផ្កាមានទំហំ រូបរាង និងពណ៌ខុសៗគ្នាតាមប្រភេទនៃរុក្ខជាតិ។
ផ្នែកផ្សេងៗរបស់ផ្កាមាន ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំកេសរឈ្មោល (ទងកេសរឈ្មោល និងប្លោកលំអង) និងកញ្ចុំកេសរញី(ស្ទិចម៉ាត កកេសរញី និងអូវែ)។
+ ត្របកផ្កា ស្ថិតនៅខាងក្រៅស្រទាប់ផ្កាមានពណ៌ដូចស្លឹក ខ្លះទៀតមានពណ៌ឆើត។
+ ស្រទាប់ផ្កាស្ថិតនៅបន្ទាប់ពីត្របកផ្កាមានពណ៌ស្រស់ឆើតឆាយសម្រាប់ទាក់ទាញសត្វល្អិតជួយដំណើរលំអង។
+ កញ្ចុំកេសរឈ្មោលមានពីរផ្នែកគឺប្លោកលំអង និងទងកេសរឈ្មោល
- ទងកេសរឈ្មោល មានរាងជាសរសៃឆ្មារៗ។
- ប្លោកលំអង មានរាងជាថង់ស្ថិតនៅខាងចុងទងកេសរឈ្មោល មាននាទីផលិត និងផ្ទុកគ្រាប់លំអង។
+ កញ្ចុំកេសរញីមានបីផ្នែកគឺស្ទិចម៉ាត កេសរញី និងអូវែ។
- ស្ទិចម៉ាតស្ថិតនៅផ្នែកកំពូលនៃកញ្ចុំកេសរញី មានទំហំធំ និងមានសភាពស្អិតសម្រាប់ទទួលគ្រាប់លំអង។
- កកេសរញីជាជើងទម្ររបស់ស្ទិចម៉ាត។
- អូវែស្ថិតនៅផ្នែកបាតនៃកញ្ចុំកេសរញី មានទំហំធំ ដែលមានអូវុលមួយឬច្រើន។ ផ្កាមួយអាចមានកេសរញីមួយឬច្រើន។
១.៣ ដំណើរលំអង
- ស្វ័យដំណើរលំអង : ជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិតែមួយ។
- ដំណើរលំអងកាត់ : ជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយលើស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយផ្សេងទៀតដែលស្ថិតប្រភេទតែមួយ។
ដំណើរលំអងប្រព្រឹត្តទៅដោយសារ ទឹក ខ្យល់ បក្សី មនុស្ស ប្រចៀវ ជ្រឹង សត្វល្អិត(មេអំបៅ ឃ្មុំ...)។
ដំណើរលំអងសិប្បនិម្មិតជាដំណើរលំអងកាត់ធ្វើឡើងដោយមនុស្ស ដើម្បីបង្កាត់ពូជរុក្ខជាតិថ្មីដែលមានលក្ខណៈតាមអ្វីដែលគេចង់បាន និងសម្រាប់ធ្វើការពិសោធបង្កាត់រុក្ខជាតិផ្សេងៗ។
សត្វល្អិតអាចនាំគ្រាប់លំអងដោយការទាក់ទាញរបស់ផ្កា។ពេលបានឃើញផ្កាមានពណ៌ស្រស់ និងក្លិនក្រអូបសត្វល្អិតទៅទំលើផ្កា ដោយត្រដុសនឹងប្លោកលំអងហើយក៏ត្រូវគ្រាប់លំអងរោយពាសពេញខ្លួន។ ពេលសត្វល្អិតទំលើផ្កាមួយទៀតគ្រាប់លំអងដែលជាប់នឹងសត្វល្អិតក៏ធ្លាក់លើស្ទិចម៉ាតនៃផ្កានោះ។
២. ការបន្តពូជរបស់អង់ស្យូស្ពែម
២.១ កំណគ្រាប់លំអង (កំណមីក្រូស្ប៉)
ដំបូងកោសិកាមេនីមួយៗមានក្រូម៉ូសូមឌីប្លូអ៊ីតចែកខ្លួនតាមមេយ៉ូសផ្ដល់បានកោសិកាអាប្លូអ៊ីតបួន(មីក្រូស្ប៉)។ បន្ទាប់មកកោសិកាអាប្លូអ៊ីតនេះ ធ្វើចំណែកតាមមីតូសមួយដងប៉ុន្តែកោសិកាដែលរងចំណែកមីតូសនេះមិនដាច់ចេញពីគ្នាទេមានន័យថាកោសិកាមួយមានណ្វៃយ៉ូពីរគឺ ណ្វៃយ៉ូលូតលាស់មួយ និងណ្វៃយ៉ូបន្តពូជមួយដែលមានភ្នាសព័ទ្ធជុំវិញបង្កើតបានជាគ្រប់លំអង។
* មីតូសជាលំនាំដែលណ្វៃយ៉ូមេមួយចែកខ្លួនបានណ្វៃយ៉ូកូនពីរដូចគ្នាបេះបិទ និងដូចទៅនឹងណ្វៃយ៉ូមេ។
* មេយ៉ូសជាលំនាំចំណែកកោសិកាឌីប្លូអ៊ីត(2n) ពីរដងបន្តបន្ទាប់បង្កើតបានកោសិកាអាប្លូអ៊ីត(n) ចំនួនបួន។
២.២ កំណថង់អំប្រ៊ីយ៉ុង និងកាម៉ែតញី
ថង់កំណ ឬថង់អំប្រ៊ីយ៉ុង(កាម៉ែតូភីតញី) និងកាម៉ែតញីកើតឡើងដូចជា កោសិកាមេមួយនៃអូវុលចែកខ្លួនតាមមេយ៉ូសផ្ដល់ស្ប៉អាប្លូអ៊ីតបួន តែស្ប៉បីត្រូវងាប់ ហើយស្ប៉មួយទៀតរងចំណែកមីតូសបីដងបន្តបន្ទាប់ បង្កើតបានជាថង់កំណ(កាម៉ែតូភីតញី) មានកោសិកាចំនួន 7 តែមានណ្វៃយ៉ូដល់ទៅ 8 ក្នុងនោះមានកោសិកាភេទញីហៅថាអូអូស៊្វែ នៅចន្លោះកណ្ដាលកោសិកាស៊ីណែស៊ីតពីរជាប់នឹងមីក្រូពីល។ កោសិកាបីនៅប៉ូលម្ខាងទៀតហៅថាអង់ទីប៉ូត។ កោសិកាកណ្ដាលមានណ្វៃយ៉ូពីរហៅថាណ្វៃយ៉ូប៉ូលែ។
ចំពោះរុក្ខជាតិ អូវុលមិនមែនជាកាម៉ែតញីពីព្រោះ អូវុលជាទម្រង់ពហុកោសិកាដែលផ្ទុកកោសិកាមេមួយ ហើយកោសិកាមេនេះរងចំណែកមេយ៉ូស រួចរងចំណែកមីតូសបីដងបន្តបន្ទាប់ ដើម្បីបង្កើតថង់កំណដែលមានផ្ទុកកាម៉ែតញីឬអូអូស៊្វែ។
២.៣ ការបង្កកំណើត
ដំណុះគ្រាប់លំអង : នៅពេលគ្រាប់លំអងធ្លាក់ជាប់លើស្ទិចម៉ាតវាក៏ដុះពន្លកឡើងដើម្បីពន្លូតខ្លួនចាក់ចូលទៅក្នុងជាលិការបស់កេសរញីរហូតដល់អូវុល។ ណ្វៃយ៉ូទាំងពីររបស់គ្រាប់លំអងធ្វើដំណើរក្នុងបំពង់លំអង។ ណ្វៃយ៉ូទី1 នៅចុងបំពង់ហាក់ដូចជាអ្នកនាំដំណើរលូតលាស់នៃបំពង់លំអងហើយវានឹងរលាយបាត់ទៅវិញ។ណ្វៃយ៉ូទី 2 ចែកខ្លួនតាមមីតូសបានជាស្ពែម៉ាតូសូអ៊ីត(ឬអង់តេរ៉ូសូអ៊ីត) ពីរដែលគ្មានប្លាសែល។
ការបង្កកំណើតទ្វេជាការបង្កកំណើតរបស់រុក្ខជាតិមានផ្កាពីរដងក្នុងពេលតែមួយ។
ការបង្កកំណើតទ្វេប្រព្រឹត្តទៅដូចជាណ្វៃយ៉ូបន្តពូជធ្វើដំណើរតាមបំពង់លំអងហើយចែកខ្លួនតាមមីតូសបង្កើតបានស្ពែម៉ាតូសូអ៊ីតពីរ។
- ស្ពែម៉ាតូសូអ៊ីតមួយក្នុងចំណោមស្ពែម៉ាតូសូអ៊ីតទាំងពីរបង្កកំណើតជាមួយអូអូស្វ៊ែឬកាម៉ែតញីដើម្បីបង្កើតបានជាស៊ីកូតឌីប្លូអ៊ីត (2n) មួយ រួចវានឹងលូតលាស់ជាអំប្រ៊ីយ៉ុង។
- ស្ពែម៉ាតូសូអ៊ីតមួយទៀតរលាយជាមួយណ្វៃយ៉ូប៉ូលែហើយបង្កើតបានជាអាល់ប៊ុយមែនទ្រីប្លូអ៊ីត(3n) ជាម៉ាសកោសិកាមួយដែលមានផ្ទុកអាហារបម្រុង។
* គ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោល ពីព្រោះ គ្រាប់លំអងជាអ្នកបង្កើតកាម៉ែតឈ្មោល។ គ្រាប់លំអងជាកោសិកាដែលមានណ្វៃយ៉ូពីរគឺ ណ្វៃយ៉ូលូតលាស់ដែលលូតលាស់ទៅជាបំពង់លំអងចាក់ចូលអូវែរហូតអូវុល និងណ្វៃយ៉ូបន្តពូជចែកខ្លួនតាមមីតូសបង្កើតបានកាម៉ែតឈ្មោល ឬស្ពែម៉ាតូសូអ៊ីតឬអង់តេរ៉ូសូអ៊ីតចំនួនពីរធ្វើដំណើរតាមបំពង់លំអងទៅក្នុងអូវុល។
* លក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ មានផ្កាដែលជាសរីរាង្គភេទ និងគ្រាប់ការពារដោយសំបក។
* លក្ខណៈពិសេសនៃការបង្កកំណើតរបស់រុក្ខជាតិមានផ្កាគឺការបង្កកំណើតទ្វេ។ នៅពេលដែលស្ពែម៉ាតូសូអ៊ីតពីរធ្វើដំណើរតាមបំពង់លំអងចូលដល់ថង់កំណ ស្ពែម៉ាតូសូអ៊ីតមួយរលាយជាមួយអូអូស៊្វែបង្កើតបានជាស៊ីកូត ដែលនឹងលូតលាស់ទៅជាអំប៊្រីយ៉ុង និងស្ពែម៉ាតូសូអ៊ីតមួយទៀតរលាយ ជាមួយណ្វៃយ៉ូប៉ូលែបង្កើតបានអាល់ប៊ុយមែនទ្រីប្លូអ៊ីតផ្ទុកអាហារបម្រុងក្នុងពេលតែមួយ។
២.៤ វដ្ដជីវិតរបស់រុក្ខជាតិមានផ្កា
វដ្ដជីវិតនៃការបន្តពូជរបស់រុក្ខជាតិមានផ្កាមានពីរដំណាក់គឺ ដំណាក់ផ្កា និង ដំណាក់គ្រាប់។ ក្នុងផ្ការុក្ខជាតិមានប្លោកលំអងដែលផលិតគ្រាប់លំអង។ ក្រោយពេលចែកខ្លួនតាមមីតូស ណ្វៃយ៉ូទី២របស់គ្រាប់លំអងបង្កើតបានស្ពែម៉ាតូសូអ៊ីតឬអង់តេរ៉ូសូអ៊ីតចំនួនពីរ។ អូវែផ្ទុកអូវុល។ ក្រោយមេយ៉ូសកោសិកាមេក្នុងអូវុលបង្កើតបានស្ប៉អាប្លូអ៊ីតចំនួនបួន។ ក្រោយពីស្ប៉បីត្រូវងាប់ មានតែស្ប៉មួយគត់ដែលចែកខ្លួនបីដងតាមមីតូស ហើយបង្កើតបានជាថងកំណ ដោយមានកោសិកាចំនួន ៧ តែមានណ្វៃយ៉ូដល់ទៅ ៨។ ក្នុងថង់កំណនេះមានអូអូស្វ៊ែឬកាម៉ែតញីមួយដែលបង្កកំណើតជាមួយស្ពែម៉ាតូសូអ៊ីត ហើយផ្ដល់ជាស៊ីកូត រួចលូតលាស់ជាអំប្រ៊ីយ៉ុង។ អំប្រ៊ីយ៉ុងស្ថិតនៅក្នុងគ្រាប់ដែលការពារដោយសំបក។ គ្រាប់ដុះបង្កើតបានជាកូនរុក្ខជាតិថ្មី។
៣. ប្រៀបធៀបម៉ូណូកូទីលេដូន និងឌីកូទីលេដូន
រុក្ខជាតិស៊ីណូស្ពែមចែកជាពីរក្រុមធំៗគឺម៉ូណូកូទីលេដូន និងឌីកូទីលេដូន។ រុក្ខជាតិម៉ូណូកូទីលេដូនមាន:ពោត ស្រូវ ស្រូវសាលី និងរុក្ខជាតិមួយចំនួនទៀតដូចជាផ្កាលីលី...។
រុក្ខជាតិម៉ូណូកូទីលេដូន មានលក្ខណៈសម្គាល់ដូចជា គ្រាប់មានកូទីលេដុងមួយ ស្លឹកមានទ្រនុងស្រប ដើមមានបាច់សរសៃនាំរាយប៉ាយ ផ្កាមាន 3ស្រទាប់ ឬមេគុណ 3 និងឫសជាឫសស្ញែ។
រុក្ខជាតិឌីកូទីលេដូនមានលក្ខណៈសម្គាល់ដូចជា គ្រាប់មានកូទីលេដុងពីរ ស្លឹកមានទ្រនុងបែកខ្នែង ដើមមានបាច់សរសៃនាំជារង្វង់ ផ្កាមាន4ឬ5ស្រទាប់ ឬមេគុណ4ឬ5 និងឫសជាឫសកែវ។
៤. ផលប្រយោជន៍របស់រុក្ខជាតិមានគ្រាប់
សារប្រយោជន៍របស់ស្រល់ គឺអាចយកទៅផលិតក្រដាសប្រើប្រាស់ ធ្វើគ្រឿងសង្ហារិមចំហុយធ្វើជាប្រេងសម្រាប់លាបឈើឬផ្ទះ យកទៅធ្វើគ្រឿងសំណង់ គ្រាប់ជាអាហាររបស់សត្វកកេរ និងបក្សីមួយចំនួន។
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាប្រភពអាហារដ៏សំខាន់ ផលិតសំពត់ ក្រដាស ឱសថព្យាបាលជំងឺ ធ្វើជាគ្រឿងប្រើប្រាស់ គ្រឿងសំណង់ គ្រឿងសង្ហារឹមល្អប្រណិត និងជាពិសេសផ្ដល់អុកស៊ីសែនដែលជាផលិតផលរស្មីសំយោគសម្រាប់ជីវិតសត្វ និងមនុស្ស។ ឧទាហរណ៍
- ត្រឡាច ល្ពៅ ត្រប់... ជាប្រភពបន្លែសម្រាប់បរិភោគ។
- គគីរ ឈើទាល បេង កកោះ ... អាចយកទៅធ្វើគ្រឿងសំណង់ និងគ្រឿងសង្ហារឹមផ្សេងៗ។
- សរសៃអំបោះបានមកពីកប្បាស។
- ជ័រកៅស៊ូយកទៅស្លក្នុងរោងចក្រសម្រាប់ធ្វើជាកង់រថយន្ត។
Post a Comment
Post a Comment