ជំពូកទី៣ : តម្រូវផ្សេងៗរបស់សារពាង្គកាយ
ជីវវិទ្យាថ្នាក់ទី12
ជាធម្មតាមនុស្សមានវិញ្ញាណចំនួនប្រាំគឺ ចក្ខុវិញ្ញាណ សោតវិញ្ញាណ
ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងកាយវិញ្ញាណ។
ជាទូទៅសរីរាង្គវិញ្ញាណចាប់យករំញោចពីមជ្ឈដ្ឋានខាងក្រៅតាមរយៈធ្មួលពិសេសរបស់វា
ហើយនៅពេលវាទទួលបានរំញោចហើយសរីរាង្គវិញ្ញាណនីមួយៗបញ្ជូនរំញោចនោះទៅកាន់តំបន់ខុសៗគ្នានៅក្នុងខួរក្បាល ហើយខួរក្បាលធ្វើការបកស្រាយព័ត៌មានទាំងនោះទៅជាគំហើញ
ការឃ្លាន ល្បឺ ឬវេទនារម្មណ៍ផ្សេងៗទៀត។
១. ចក្ខុវិញ្ញាណ
ភ្នែកជាសរីរាង្គវិញ្ញាណសំខាន់ជាងគេរបស់មនុស្ស
ដែលអាចផ្ដល់ព័ត៌មានរហូតដល់ទៅជាង ៨០ ភាគរយពីពិភពខាងក្រៅ។
ភ្នែកមាននាទីក្នុងប្រមូលផ្ដុំកាំរស្មីពន្លឺពីមជ្ឈដ្ឋានជុំវិញខ្លួនយើង
ហើយបង្កើតជារូបភាព និងបញ្ជូនទៅឱ្យខួរក្បាលពីរូបភាពនេះ។
បន្ទាប់មកខួរក្បាលបានសំយោគរូបភាពនៃភ្នែកទាំងពីរបញ្ចូលគ្នាដែលអាចបង្កើតបានជារូបភាពតែមួយ
ដែលផ្ដល់នូវគំហើញនៃវិមាត្របីបែបដែលអាចឱ្យយើងធ្វើការវិនិច្ឆ័យបានពីប្រវែងនិងទំហំរបស់វត្ថុដែលយើងមើល។
ភ្នែកតែឯងមិនអាចមើលឃើញទេ បើគ្មានខួរក្បាល
ព្រោះភ្នែកមាននាទីក្នុងការបញ្ចាំងកាំរស្មីដើម្បីបង្កើតរូបភាពរបស់វត្ថុ ប៉ុន្តែវាត្រូវតែបញ្ជូនឱ្យខួរក្បាលជាអ្នកវិភាគឬបកស្រាយអំពីគំហើញនេះ
ហេតុនេះហើយបើគ្មានខួរក្បាល ភ្នែកតែឯងក៏គ្មានប្រយោជន៍ដែរ។
១.១. ទម្រង់គ្រាប់ភ្នែក
គ្រាប់ភ្នែករបស់មនុស្សមានរាងស្វ៊ែដែលមានអង្កត់ផ្ចិត
2.5 cm ហើយវាស្ថិតនៅក្នុងប្រឡង់ភ្នែកក្នុងលលាដ៍ក្បាល។
គ្រាប់ភ្នែកមាននាទីជាអ្នកបញ្ចាំងកាំរស្មីដើម្បីចាប់យករូបភាព។
គ្រាប់ភ្នែកមានបីស្រទាប់គឺ ក្លេរ៉ូទិច កូរ៉ូអ៊ីត និងរេទីន។
ក. ភ្នាសគ្រាប់ភ្នែក
- ក្លេរ៉ូទិច : ជាស្រទាប់ក្រៅគេបង្អស់ ពណ៌ស
ក្រាស់ រឹង ហើយស្វិត។ វាមាន
នាទីក្នុងការផ្ដល់ទ្រង់ទ្រាយឱ្យគ្រាប់ភ្នែក
និងការពារផ្នែកខាងក្នុងរបស់ភ្នែក។
ករនេ ជាផ្នែកដែលមានរាងប៉ោងរបស់ស្រទាប់ក្លេរ៉ូទិចដែលស្ថិតនៅខាងមុខនៃគ្រាប់ភ្នែក
ហើយលក្ខណៈបែបនេះវាពត់កាំរស្មីពន្លឺនៅក្នុងគ្រាប់ភ្នែកឱ្យរួមជួបគ្នានៅកន្លែងតែមួយនៅលើរេទីន។
-
កូរ៉ូអ៊ីត : ស្រទាប់ដែលសម្បូរដោយសរសៃឈាម
និងជាពណ៌ត្នោតចាស់ដែលអាចបង្ការជះត្រឡប់មកវិញនៃពន្លឺនៅក្នុងគ្រាប់ភ្នែក។
ស្រទាប់កូរ៉ូអ៊ីតមាននាទីជាអ្នកផ្គត់ផ្គង់សារធាតុចិញ្ចឹម
និងអុកស៊ីសែនដល់ស្រទាប់រេទីន និងទ្រទ្រង់លំនឹងសីតុណ្ហភាពក្នុងភ្នែក។
អង្គស៊ីលីយែ ជាសាច់ដុំរលីងស្ថិតនៅជុំវិញកែវភ្នែក។
វាមាននាទីត្រួតពិនិត្យរូបរាង (ទំហំ)
កែវភ្នែកសម្រាប់គំហើញជិត និងគំហើញឆ្ងាយនិងទប់កែវភ្នែកឱ្យនៅចំកណ្ដាល
ព្រមទាំងផលិតអ៊ុយម័រទឹក និងអ៊ុយម័រខន់ផងដែរ។
សរសៃចំណង
ជាផ្នែកដែលមាននាទីឱ្យកាំរស្មីពន្លឺចាំងចូលទៅក្នុងភ្នែក
ដែលអាចធ្វើឱ្យមានរូបភាពច្បាស់អាចកើតមាននៅលើស្រទាប់រេទីន។
ហើយវាក៏មាននាទីទប់កែវភ្នែកឱ្យមានលំនឹង។
ប្រស្រីភ្នែក ជាសាច់ដុំរលីង
ដែលផ្នែកមានពណ៌របស់ភ្នែកដែលផ្ដល់ឱ្យភ្នែកមានពណ៌ដូចជាត្នោត
ខៀវ ប្រផេះ បៃតង ស្ថិតនៅខាងមុខស្រទាប់កូរ៉ូអ៊ីត។
រន្ធប្រស្រី ជាផ្នែកមួយនៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺពីព្រោះប្រស្រីភ្នែកជាសាច់ដុំដែលអាចធ្វើឱ្យរន្ធប្រស្រីរីកធំ
ឬរួមតូច។ នៅពេលពន្លឺស្រទន់
រន្ធប្រស្រីរីកធំដែលអាចឱ្យពន្លឺចូលកាន់តែច្រើន នៅពេលពន្លឺខ្លាំង
រន្ធប្រស្រីរួមតូចដែលអាចឱ្យពន្លឺចូលក្នុងភ្នែកបានតិច។
- រេទីន ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលរួសនឹងពន្លឺ(កោសិការាងកោន និងកោសិការាងដំបង) អាចឱ្យយើងមើលឃើញ
ស ខ្មៅ និងពណ៌។ វាមានធ្មួលរួសនឹងពន្លឺប្រហែល 130 លាន។
ស្នាមលឿង(ផូវា)ជាផ្នែកដែលរួសនឹងពន្លឺជាងគេនៅស្រទាប់រេទីនគឺវាអាចមើលឃើញពណ៌។
ចំណុចខ្វាក់ជាកន្លែងដែលសរសៃឈាម
និងសរសៃប្រសាទភ្ជាប់នឹងគ្រាប់ភ្នែកតែនៅចំណុចនេះវាមិនមានកោសិការួសនឹងពន្លឺទេដូចនេះវាមិនផ្ដល់ព័ត៌មានទៅខួរក្បាលឡើយ។
ខ. មជ្ឈដ្ឋានថ្លា
មជ្ឈដ្ឋានថ្លា មានកែវភ្នែក ករនេ អ៊ុយម័រទឹក និងអ៊ុយម័រខន់។
- កែវភ្នែកធ្វើឱ្យកាំរស្មីពន្លឺងាក
និងប្រសព្វគ្នាលើស្រទាប់រេទីន។
- អ៊ុយម័រទឹករក្សាលំនឹងនៅក្នុងឃ្លប់គ្រាប់ភ្នែក និងផ្ដល់សារធាតុចិញ្ចឹមបន្ថែមសម្រាប់កែវភ្នែក
និងស្រទាប់រេទីនផងដែរ។
- អ៊ុយម័រខន់ផ្ដល់ទម្រង់មាំដល់គ្រាប់ភ្នែក
បង្ការភ្នែកពីសម្ពាធខាងក្រៅ
និងផ្ដល់សារធាតុចិញ្ចឹមបន្ថែមសម្រាប់កែវភ្នែក និងស្រទាប់រេទីនផងដែរ។
* សមាសធាតុគីមីនៃអ៊ុយម័រទឹក
និងអ៊ុយម័រខន់ត្រូវបានផលិតដោយសរសៃប្ដូរអង្គស៊ីលីយែ។
១.២. សរីរាង្គឧបសម្ព័ន្ធ
ផ្នែកផ្សេងៗរបស់ភ្នែកមានប្រឡង់ភ្នែក ត្របកភ្នែក រោមភ្នែក
ក្រពេញទឹកភ្នែក និងសាច់ដុំ។
ក-សរីរាង្គការពារ
-
ប្រឡង់ភ្នែក : ភ្នែកត្រូវបានព័ទ្ធជុំវិញដោយឆ្អឹងប្រឡង់ភ្នែកដែលជាទ្រនាប់ការពារភ្នែកទល់នឹងការប៉ះទង្គិចពីខាងក្រៅ។
- ត្របកភ្នែក : ជាផ្នែកដែលមាននាទីការពារនឹងការហុយចូលនៃធូលី
ហើយមានរោមភ្នែកដុះចេញពីត្របកនេះ
ដើម្បីបង្កើតជាសំណាញ់ការពារពីការហុយធូលីចូល។
- ក្រពេញទឹកភ្នែក : វាមានស្ថិតនៅខាងក្រោយត្របកភ្នែកលើ
ដែលមាននាទីបញ្ចេញទឹកភ្នែកធ្វើឱ្យប្រឡង់ភ្នែកមានភាពសើមជានិច្ច។
ទឹកភ្នែកកើតឡើងពីទឹក អំបិល លីសូស៊ីម និងសមាសធាតុសរីរាង្គផ្សេងៗដែលផលិតចេញពីភាពស្លេស្ម។
ខ-សរីរាង្គចលករ(សាច់ដុំភ្នែក)
សត្វឆ្អឹងកងអាចបង្វិលគ្រាប់ភ្នែកបានដោយអាស្រ័យលើសាច់ដុំប្រាំមួយ(ភ្នែកម្ខាងមានសាច់ដុំ៦)មានដូចជា សាច់ដុំកណ្ដាល
សាច់ដុំលើបញ្ឆិត សាច់ដុំលើ
សាច់ដុំចំហៀង
សាច់ដុំក្រោម សាច់ដុំក្រោមបញ្ឆិត។ ចលនារបស់សាច់ដុំទាំងនេះតម្រូវដោយសរសៃប្រសាទលលាដ៍ក្បាល។
១.៣. កោសិការួសនឹងពន្លឺ
ស្រទាប់រេទីនកើតឡើងពីស្រទាប់កោសិកាចំនួនបួនស្រទាប់(ស្រទាប់ក្នុងបង្អស់ជាស្រទាប់កោសិកាជាតិពណ៌
ស្រទាប់កោសិការួសនឹងពន្លឺ
គឺកោសិកាកោននិងកោសិកាដំបងស្រទាប់ទីបីជាស្រទាប់កោសិកាទ្វេប៉ូលនិងស្រទាប់ទីបួនជាស្រទាប់កោសិកាកង់គ្លីយ៉ុង)។
កោសិការាងដំបងជាកោសិកាដែលរួសទៅនឹងពន្លឺខ្សោយ
ប៉ុន្តែវាមិនអាចញែកឱ្យឃើញ ពណ៌ខុសគ្នាទេ។
កោសិការាងកោនជាកោសិកាដែលរួសពណ៌ស
តែត្រូវតែមានពន្លឺខ្លាំងទើបវាអាចញែកពណ៌ឱ្យខុសគ្នាបាន។
គំហើញស ខ្មៅ និងពណ៌អាចកើតមានដោយសារជាតិពណ៌រ៉ូដុបស៊ីនរួសនឹងពន្លឺ។
រ៉ូដុបស៊ីនផ្សំពីស្រឡាយជីវជាតិ A ជាមួយប្រូតេអ៊ីន។
នៅពេលពន្លឺប៉ះនឹងកោសិកាកោន និងកោសិកាដំបង
វាបំបែកសម្ព័ន្ធគីមីនៃរ៉ូដុបស៊ីន។ ការបំបែកនេះបង្កើតជាអាំងភ្លុចប្រសាទដែលធ្វើដំណើរតាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល។
កង្វះជីវជាតិ A បណ្ដាលឱ្យមានជំងឺខ្វាក់មាន់ដែលជាជំងឺមិនអាចមើលឃើញក្នុងពន្លឺខ្សោយបានទេ។
ព័ត៌មានបន្ថែម : ម៉ូលេគុលរ៉ូដុបស៊ីន (rhodopsin)
ជាច្រើនស្ថិតនៅក្នុងភ្នាសនៃបន្ទះសំប៉ែតដែលឃើញមាននៅក្នុងអង្កត់ខាងក្រៅនៃកោសិកាដំបង។
រ៉ូដុបស៊ីនជាម៉ូលេគុលចម្រុះដែលកើតឡើងពីប្រូតេអ៊ីន
និងម៉ូលេគុលស្រូបពន្លឺ (រេទីណាល់ ឬជាតិពណ៌ស្រឡាយរេទីន) ដែលជាស្រឡាយនៃវីតាមីន A។ នៅពេលកោសិកាដំបងស្រូបយកថាមពលពន្លឺ
រ៉ូដុបស៊ីនបំបែកជាអុបស៊ីន និងម៉ូលេគុលស្រូបពន្លឺ (ស្រឡាយវីតាមីន A) ដែលនាំឱ្យមានការចាប់ផ្ដើមនូវប្រតិកម្មបន្តបន្ទាប់
ហើយបិទនូវបណ្ដាលអ៊ីយ៉ុងនៅក្នុងភ្នាសស៊ីតូប្លាសរបស់កោសិកាដំបង។
ក្រោយមកអាំងភ្លុចប្រសាទធ្វើដំណើរទៅកាន់តំបន់អុបទិចនៅក្នុងខួរក្បាល។
១.៤. គំហើញ
ដើម្បីបង្កើតរូបភាពមួយបានច្បាស់ល្អខួរក្បាល
និងកែវភ្នែកត្រូវធ្វើការរួមគ្នាដូចជាដំបូងពន្លឺនីមួយៗដែលនៅលើស្រទាប់រេទីនបានប្រាប់ទៅខួរក្បាលត្រឹមតែបំណែកតូចៗនៃរូបភាពដែលវាចាប់បាន
បន្ទាប់មកខួរក្បាលដាក់បំណែកតូចៗទាំងនេះ
បញ្ចូលគ្នាឱ្យទៅជារូបភាពមួយពេញលេញ។ អង់ស៊ីលីយែ
និងសរសៃចំណងជួយកែវភ្នែកដើម្បីបង្កើតរូបភាពច្បាស់ល្អផងដែរ
ដោយកែវភ្នែកធ្វើការដូចជាម៉ាស៊ីនថតរូប ប្រស្រីភ្នែកធ្វើការដូចជាដ្យាប្រាម
ហើយមជ្ឈដ្ឋានថ្លាបង្កើតជាអុបសិចទីប
ចំណែកស្រទាប់រេទីនមាននាទីដូចជាហ្វីលថតរូប(អ្នកចាប់យករូបភាព)។
ក. នាទីរបស់កែវភ្នែក
កែវភ្នែកមាននាទីចាប់យកពន្លឺដែលរាយប៉ាយ
ហើយពត់ពន្លឺឱ្យជួបគ្នានៅត្រង់ចំណុចប្រសព្វនៃពន្លឺនៅលើស្រទាប់រេទីន។
ព័ត៌មានបន្ថែម : ភ្នែកមួយគូមើលឃើញរូបភាពទាំងមូល។
ប្រសិនបើអ្នកបិទភ្នែកម្ខាងអ្វីៗដែលអ្នកមើលឃើញនោះ
ជាផ្ទៃគំហើញភ្នែកម្ខាងទៀត។
ផ្ទៃគំហើញនៃភ្នែកម្ខាងៗអាចបែងចែកជាពីរផ្នែក : ផ្នែកចំហៀង និងកណ្ដាល។
ស្រទាប់រេទីនពាក់កណ្ដាលខាងឆ្វេងត្រូវភ្ជាប់ទៅនឹងសំបកខួរ
គំហើញចំហៀងខាងឆ្វេងនៃខួរក្បាល។
ពាក់កណ្ដាលខាងស្ដាំនៃស្រទាប់រេទីននៃភ្នែកទាំងពីរ
បញ្ជូនសញ្ញាទៅកាន់ សំបកខួរគំហើញចំហៀងខាងស្ដាំនៃខួរក្បាល។
នៅពេលផ្នែកទាំងពីរបញ្ចូលជាមួយគ្នា
ខួរក្បាលមើលឃើញរូបភាពទាំងមូលច្បាស់។
ខ. ការសម្របតម្រូវ
ការសម្របតម្រូវរបស់កែវភ្នែក : ដើម្បីឱ្យបានរូបភាពវត្ថុមួយច្បាស់ល្អកែវភ្នែកត្រូវមានកម្រាស់ត្រឹមត្រូវ។
ប្រសិនបើយើងចង់មើលវត្ថុជិត អង្គស៊ីលីយែកន្ត្រាក់រួមតូច
សរសៃចំណងប្រែជារលុងហើយកែវភ្នែកឡើងក្រាស់។
ប្រសិនបើយើងចង់មើលវត្ថុឆ្ងាយ អង្គស៊ីលីយែបន្ធូរ
សរសៃចំណងឡើងតឹងហើយទាញកែវភ្នែក
ធ្វើឱ្យកែវភ្នែកស្ដើងដែលអាចមើលរូបភាពច្បាស់។
ព័ត៌មានបន្ថែម : នៅក្នុងជីវភាពរស់នៅសព្វថ្ងៃយើងជួបប្រទះភាពមិនធម្មតានៃគំហើញរបស់ភ្នែកដូចជា
ភ្នែកម្ញូប(mypbe) ភ្នែកអ៊ីពែមេត្រូប ប្រេស្បីត(presbytie) អាស្ទីម៉ាត(Astigmatisme)។
- ភ្នែកម្ញូប
មើលវត្ថុឆ្ងាយមិនច្បាស់ មើលជិតច្បាស់។ ចម្ងាយអតិប្បរមានៃគំហើញច្បាស់គឺជិតជាងភ្នែកធម្មតា។
ចំពោះវត្ថុឆ្ងាយរូបភាពកើតឡើងនៅខាងមុខស្រទាប់រេទីនគឺប្រព័ន្ធអុបទិច
ភ្នែកបង្រួមខ្លាំងពេក។ ដូចនេះត្រូវតែកែភ្នែកម្ញូបនេះ
ដោយពាក់វ៉ែនតាឡង់ទីពង្រីក ដើម្បីទាញរូបភាពឱ្យមកកើតលើស្រទាប់រេទីនវិញ
ទើបភ្នែកអាចមើលឃើញរូបភាពនោះច្បាស់។
- ភ្នែកអ៊ីពែមេត្រូប ប្រេស្បីត មើលវត្ថុជិតមិនច្បាស់
មើលឆ្ងាយច្បាស់
ព្រោះចម្ងាយអប្បបរមានៃគំហើញច្បាស់ឆ្ងាយជាងភ្នែកធម្មតា។
រូបភាពកើតឡើងនៅក្រោយស្រទាប់រេទីន
ពីព្រោះប្រព័ន្ធអុបទិចបង្រួមតិច។
គេកែកែវភ្នែកបែបនេះដោយពាក់វ៉ែនតាឡង់ទីបង្រួម។
- ភ្នែកអាស្ទីម៉ាត កំណោងគ្រាប់ភ្នែកមិនស្មើគ្នា
រូបភាពតែមួយមើលឃើញច្បាស់ខ្លះ មិនច្បាស់ខ្លះ។ កំណែភ្នែកអាស្ទីម៉ាត
ដោយពាក់វ៉ែនតាឡង់ទីចិតជាស៊ីឡាំង។
២. សោតវិញ្ញាណ
ត្រចៀកជាសរីរាង្គវិញ្ញាណដែលចាប់យកសូរហើយវាមាននាទីមួយសំខាន់ទៀតគឺតំហែរក្សាលំនឹង។
២.១. រូបផ្គុំត្រចៀក
ត្រចៀកចែកជាបីផ្នែកមានដូចជា ត្រចៀកក្រៅ ត្រចៀកកណ្តាល
និងត្រចៀកក្នុង។
ក. ត្រចៀកក្រៅ : មានស្លឹកត្រចៀកកើតពីឆ្អឹងខ្ចី
រាងដូចឡាវ និងបំពង់សោតវិញ្ញាណកើតឡើងពីឆ្អឹងខ្ចី និងឆ្អឹងដែលមានប្រវែង
3cm ទៅ 4cm។
ត្រចៀកក្រៅមាននាទីប្រមូលផ្ដុំ និងបញ្ជូនរលកសូរទៅកាន់ក្រដាសត្រចៀក។
- ស្លឹកត្រចៀកជាបន្ទះស្បែកមានទម្រង់ដូចឡាវដែលទ្រទ្រង់ដោយឆ្អឹងខ្ចីហើយវាមាននាទីប្រមូលផ្តុំរលកសូរ។
- បំពង់សោតវិញ្ញាណកើតឡើងពីឆ្អឹងខ្ចី និងឆ្អឹងដែលមានប្រវែង 3
ទៅ 4 cm និងមានក្រពេញពិសេសដែលផលិតសារធាតុដូចក្រមួន
ដើម្បីការពារកុំឱ្យវត្ថុផ្សេងៗចូលទៅក្នុងត្រចៀក ចំណែកនៅមាត់នៃបំពង់មានរោមតូចៗសម្រាប់ច្រោះធូលី
និងបំណែករឹង។ វាមាននាទីដឹកនាំរលកសូរទៅកាន់ក្រដាសត្រចៀក។
ខ. ត្រចៀកកណ្តាល : ចាប់ផ្ដើមពីក្រដាសត្រចៀក
វាមានឆ្អឹងតូចៗបី (ឆ្អឹងញញួរ ឆ្អឹងត្រនាប់
និងឆ្អឹងឈ្នាន់) បន្តជាប់គ្នាហើយបង្កើតបានជាស្ពានឆ្លងកាត់ត្រចៀកកណ្ដាលដែលភ្ជាប់ក្រដាសត្រចៀកនឹងភ្នាសផ្សេងៗទៀតគឺបង្អួចរាងពងក្រពើ។
ត្រចៀកកណ្តាលមាននាទីចាប់យក និងបំពង់សំឡេងឱ្យកាន់តែខ្លាំង។
ត្រចៀកកណ្តាលក៏ភ្ជាប់ជាមួយនឹងបំពង់កដោយសារប្រមោយអឺស្តាសដែលជាបំពង់មាននាទីធ្វើឱ្យសម្ពាធក្នុងត្រចៀកស្មើនឹងសម្ពាធក្នុងបរិយាកាសដើម្បីការពារកុំឱ្យរហែកក្រដាសត្រចៀក។
ព័ត៌មានបន្ថែម : ត្រចៀកកណ្ដាលទាក់ទងទៅនឹងត្រចៀកក្នុងដោយសារបង្អួចរាងពងក្រពើ
ដែលពាសដោយភ្នាស។
វានាំរលកសំឡេងពីក្រដាសត្រចៀកតាមរយៈច្រវាក់ឆ្អឹងតូចៗបី (ឆ្អឹងញញួរ ឆ្អឹងត្រនាប់
និងឆ្អឹងឈ្នាន់) មកកាន់បង្អួចរាងពងក្រពើ។
លំញ័រនៃក្រដាសត្រចៀកបណ្ដាលឱ្យខ្ទ័រ ញ័ររញ្ជួយដល់បង្អួចរាងពងក្រពើ។
ដូចនេះត្រចៀកកណ្ដាលមាននាទីជាអ្នកបំពងសំឡេងឱ្យខ្លាំង។
គ. ត្រចៀកក្នុង : មានបំពង់រាងគូទខ្យង និងបំពង់ពាក់កណ្តាលរង្វង់ដែល
បំពង់រាងគូទខ្យងជាសរីរាង្គល្បឺដែលពេញដោយសារធាតុរាវហើយមានកោសិកាធ្មួលរួសលំញ័រ។
ចំណែកបំពង់ពាក់កណ្ដាលរង្វង់ជាសរីរាង្គ ថែរក្សាលំនឹងដែលពេញដោយសារធាតុរាវ
និងមានស្រទាប់កោសិកាដែលមានពន្លយឆ្មារៗ។ ត្រចៀកក្នុងមាននាទីក្នុងល្បឺ
និងថែរក្សាលំនឹងនៃសារពាង្គកាយ។
២.២. ល្បឺ
ល្បឺកើតមានឡើងដូចជារលកសូរដែលប្រមូលផ្ដុំនៅក្នុងត្រចៀកក្រៅ
បានចុះតាមបំពង់សោតវិញ្ញាណទៅកាន់ក្រដាសត្រចៀកបង្កឱ្យមានលំញ័រធ្វើឱ្យវាដឹកនាំឆ្លងកាត់ឆ្អឹងតូចៗបីនៃត្រចៀកកណ្ដាល
ដែលបណ្ដាលឱ្យឆ្អឹងនោះញ័រផ្ទប់នឹងភ្នាសស្ដើងនៃបង្អួចរាងពងក្រពើ
ធ្វើឱ្យសារធាតុរាវក្នុងបំពង់រាងគូទខ្យងញ័រ
ហើយរោមតូចៗនៃកោសិកាធ្មួលក្នុងស្រទាប់នេះក៏ញ័រ។
លំញ័រនេះធ្វើឱ្យមានការផ្លាស់ប្តូរជាអាំងភ្លុចប្រសាទដែលស្ថិតនៅចុងភីបប្រសាទ
បន្ទាប់មកអាំងភ្លុចប្រសាទទាំងនេះត្រូវបានដឹកនាំតាមសរសៃប្រសាទសោតវិញ្ញាណទៅកាន់សំបកខួរក្បាលដែលនៅទីនោះមានការបកប្រែជាសំឡេង។
២.៣. តំហែរក្សាលំនឹង
ការរ៉ាប់រងលំនឹងដោយត្រចៀកក្នុង និងខួរតូច : នៅពេលគ្រវីក្បាល ឬបង្វិលខ្លួនសារធាតុរាវ និងរោមញ័រនៃបំពង់ពាក់កណ្ដាលរង្វង់របស់ត្រចៀកក្នុងធ្វើចលនាហើយចលនាមេកានិចនៃរោមញ័រភ្ញោចចុងភីបប្រសាទ ឱ្យបង្កើតអាំងភ្លុចប្រសាទ បន្ទាប់មកអាំងភ្លុចប្រសាទនេះធ្វើដំណើរតាមសរសៃប្រសាទសោតវិញ្ញាណទៅកាន់ខួរតូច។ ខួរតូចបកស្រាយទិសដៅរបស់ចលនាហើយបញ្ជូនអាំងភ្លុចប្រសាទទៅខួរធំ ហើយនៅទីនោះអាំងភ្លុចប្រសាទដែលចេញពីណឺរ៉ូនចលករភ្ញោចសាច់ដុំផ្នែកក្បាល និងកឱ្យរក្សាទីតាំងរបស់ក្បាល។
បន្ទាប់ពីយើងគ្រវីក្បាលឬបង្វិលខ្លួនយ៉ាងញាប់
ហើយឈប់ភ្លាមៗនោះយើងនៅតែមានអារម្មណ៍ថាខ្លួនយើងនៅធ្វើសកម្មភាពនៅឡើយព្រោះ
នៅពេលដែលយើងបង្វិលខ្លួនឬគ្រវីក្បាលសារធាតុរាវដែលមាននៅក្នុងបំពង់ពាក់កណ្តាលរង្វង់ធ្វើចលនា
ដូចនេះនៅពេលអ្នកឈប់សកម្មភាពនេះភ្លោចសារធាតុរាវនេះនៅមិនទាន់ឈប់នៅឡើយទេ
ហើយវានៅតែភ្ញោចចុងភីបប្រសាទឱ្យបញ្ជូនអាំងភ្លុចប្រសាទទៅខួរក្បាលដែលបង្ហាញថាអ្នកនៅតែបង្វិលខ្លួននៅឡើយ។
(ការពុលនឹងភាពឃ្លីងឃ្លោងកប៉ាល់ ឡាន យន្តហោះ បណ្ដាលមកពីសារធាតុរាវដែលមាននៅក្នុងបំពង់ពាក់កណ្ដាលរង្វង់នេះធ្វើចលនា
ដែលបណ្ដាលឱ្យយើងចង់ក្អួតចង្អោរ វិលមុខជាដើម)។
៣. ជីវ្ហាវិញ្ញាណ
ចំពោះមនុស្សអណ្ដាតជាសរីរាង្គសំខាន់ជាងគេក្នុងការនិយាយ
និងការចិញ្ចឹមជីវិត។ ការដឹងរសជាតិ និងក្លិនបានដោយសារមាត់
និងច្រមុះ។
ពន្លកជីវ្ហាវិញ្ញាណមានរាងពងក្រពើ ដែលស្ថិតតាមបណ្ដោយនៃជញ្ជាំងនៃអញ្រ្ចាញនីមួយៗ កើតពីកោសិកាទ្រទ្រង់ និងកោសិកាពន្លកជីវ្ហាវិញ្ញាណដែលបញ្ចប់ដោយរន្ធល្អិតៗ បើកចំហទៅរកផ្ទៃអណ្ដាតនៅក្នុងរន្ធរសជាតិមួយ។ នៅកោសិកាពន្លកជីវ្ហាវិញ្ញាណមានណឺរ៉ូនវិញ្ញាណមួយ ឬច្រើនផ្តុំគ្នាបានជាសរសៃប្រសាទវិញ្ញាណនាំ។
ទីតាំងនៃអណ្ដាតដែលរួសទៅនឹងរសជាតិមូលដ្ឋានទាំង ៤ គឺ
- រសជាតិផ្អែមមាននៅផ្នែកខាងចុងអណ្តាត
- រសជាតិល្វីងមាននៅផ្នែកខាងគល់នៃអណ្តាត
- រសជាតិប្រៃមាននៅផ្នែកចំហៀងសងខាងនៃអណ្តាតពាក់កណ្តាលខាងមុខ
- រសជាតិជូរមាននៅផ្នែកចំហៀងសងខាងនៃអណ្តាតពាក់កណ្តាលខាងក្រោយ។
យើងអាចទទួលបានរសជាតិដោយសារធាតុដែលបានពីអាហារជាច្រើនដែលរលាយក្នុងទឹកមាត់បានជ្រាបចូលតាមរន្ធរសជាតិ
នៅពេលនោះពន្លកជីវ្ហា
វិញ្ញាណត្រូវបានភ្ញោចអាំងភ្លុចប្រសាទត្រូវបានកើតឡើងដោយកោសិកាវិញ្ញាណរសជាតិ
ហើយបញ្ជូនតាមផ្លូវវិញ្ញាណនាំទៅកាន់ខួរក្បាល
ដែលនៅទីនោះមានការបកប្រែពីអាំងភ្លុចប្រសាទឱ្យទៅជារសជាតិ។
អ្នកដែលមានជំងឺផ្ដាសាយ ឬបញ្ហាតឹងច្រមុះពុំសូវដឹងរសជាតិអាហារព្រោះ
ម្ហូបអាហារដែលមានរសឆ្ងាញ់គឺដោយសារក្លិនរបស់វា
ហេតុនេះបើច្រមុះយើងមិនអាចស្រូបក្លិនអាហារនោះបានទេយើងក៏មិនដឹងពីរសជាតិឆ្ងាញ់នៃអាហារនោះដែរ។
៤. ឃានវិញ្ញាណ
ច្រមុះជាសរីរាង្គមួយដែលមាននាទីសំខាន់នៅក្នុងដំណកដង្ហើម
និងក្លិន។
តំបន់ឃានវិញ្ញាណមានស្រទាប់កោសិកាបីស្រទាប់គឺ
- ស្រទាប់កោសិកាទ្រទ្រង់ : ផ្តល់សារធាតុចិញ្ចឹមដល់កោសិកាឃានវិញ្ញាណ
និងធ្វើឱ្យស្លេស្មក្នុងរន្ធច្រមុះមានពណ៌លឿងភ្លាវ។
- ស្រទាប់កោសិកាមូលដ្ឋាន : ជាស្រទាប់បាតសម្រាប់ទ្រទ្រង់ផ្នែក
ដែលពាក់ព័ន្ធនឹងឃានវិញ្ញាណ។
- ស្រទាប់កោសិកាឃានវិញ្ញាណ : ជាស្រទាប់កោសិកាដែលមាននាទីបម្លែងពីសារធាតុគីមីដែលទទួលបានពីអាហារឱ្យក្លាយជាអាំងភ្លុចប្រសាទ
និងបញ្ជូនទៅកាន់សរសៃប្រសាទឃានវិញ្ញាណដើម្បីដឹកនាំទៅកាន់ខួរក្បាល
ធ្វើការបកប្រែអាំងភ្លុចប្រសាទឱ្យទៅជាក្លិនបាន។
ច្រមុះអាចចាប់យកក្លិនបាននៅពេលដែលម៉ូលេគុលក្លិនត្រូវបានស្រូបចូលតាមដង្ហើមចូល
ហើយរលាយទៅក្នុងស្លេស្មរបស់ច្រមុះ
នៅពេលនោះរោមញ័រនៃកោសិកាឃានវិញ្ញាណត្រូវបានភ្ញោចដោយសារធាតុរលាយនោះ
ហើយបង្កើតបានជាអាំងភ្លុចប្រសាទដែលត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្រសាទឃានវិញ្ញាណ
បន្ទាប់មកអាំងភ្លុចប្រសាទនៅទីនោះក៏ត្រូវបានបកប្រែជាក្លិននៅក្នុងកំពកសៀតផ្កា។
ក្លិន និងរសជាតិមានទំនាក់ទំនងគ្នាដោយជាធម្មតាអាហារតែងតែបញ្ចេញក្លិនឈ្ងុយ។
នៅពេលម៉ូលេគុលក្លិនហើរទៅប៉ះជាមួយភ្នាសនៅក្នុងរន្ធច្រមុះបណ្ដាលឱ្យរសជាតិកាន់តែប្រសើរឡើង។
ព័ត៌មានបន្ថែម : ព័ត៌មានផ្នែកវិញ្ញាណនាំចេញពីធ្មួលឃានវិញ្ញាណក៏ត្រូវបានដឹកនាំទៅកាន់មជ្ឈមណ្ឌលប្រសាទនៃលំនឹក
និងរំជួលចិត្ត។ លក្ខណៈនេះបង្ហាញឱ្យឃើញថា
នៅពេលយើងធុំក្លិនអាហារពិសេសណាមួយ
ធ្វើឱ្យយើងនឹកឃើញដល់រសជាតិនៃអាហារនោះឡើងវិញ។
កោសិកាធ្មួលឃានវិញ្ញាណរបស់មនុស្សមានប្រហែល ១២ លាន។
កោសិកាធ្មួលឃានវិញ្ញាណនីមួយៗមានរោមញ័រ ១០ ទៅ ២០
ដែលបង្កើនផ្ទៃតំបន់សម្រាប់ទទួលក្លិន។
៥. កាយវិញ្ញាណ
ស្បែកជាស្រទាប់ការពារសារពាង្គកាយ
ហើយវាប្រែប្រួលតាមប្រភេទសារពាង្គកាយដែលអាចមានរោម ក្រចក ស្រកា
ក្រពេញញើស ឬធ្មួលវិញ្ញាណ។
៥.១. នាទីរបស់ស្បែក
- ការពារសារពាង្គកាយពីឥទ្ធិពលរូប និងគីមីនៃមជ្ឈដ្ឋានខាងក្រៅ
- បង្ការការជ្រៀតចូលនៃមេរោគចូលទៅក្នុងសារពាង្គកាយ
- បង្ការការបាត់បង់ទឹកពីសារពាង្គកាយ ចំពោះសត្វលើគោក
និងជ្រៀតចូលនៃចំណីអាហារទៅក្នុងសារពាង្គកាយចំពោះសត្វរស់នៅក្នុងទឹក។
- ការពារសារពាង្គកាយពីកាំរស្មីស្វាយអ៊ុលត្រា
- ជាកន្លែងសម្រាប់ធ្វើបណ្តូរឧស្ម័ន(ដំណកដង្ហើមចំពោះសត្វមួយចំនួន)
- បញ្ចេញកាកសំណល់មេតាប៉ូលីសតាមក្រពេញញើស
- ថែរក្សាផ្ទៃសារពាង្គកាយឱ្យសើមជានិច្ច
- បញ្ចេញជាតិខ្លាញ់
- ស្រូបយកសារធាតុ (ឱសថ) មួយចំនួន
- ទទួលរំញោចផ្សេងៗពីបម្រែបម្រួលសីតុណ្ហភាព ការប៉ះទង្គិចជាដើម។
៥.២. អេពីឌែម
ស្បែកមានពីរស្រទាប់គឺ អេពីឌែម និងឌែម។
អេពីឌែមជាស្រទាប់កោសិកាក្រៅបង្អស់របស់សារពាង្គកាយ
ដែលមាននាទីក្នុងការការពារសារពាង្គកាយពីគ្រោះថ្នាក់ផ្នែករូប គីមី
និងបង្កើតជារបាំងទប់ទល់នឹងភ្នាក់ងារផ្សេងៗ(មេរោគ)។
ស្រទាប់អេពីឌែមគ្មានសរសៃឈាមទេ(បាតដៃ
បាតជើងជាកន្លែងដែលមានស្រទាប់អេពីឌែមក្រាស់) ដូចនេះវាទទួលសារធាតុចិញ្ចឹមតាមរយៈបន្សាយដែលចេញពីសរសៃឈាមក្នុងស្រទាប់ឌែម។
អេពីឌែមមានកម្រាស់ប្រហែលជា 0.7 mm ដែលមានផ្ទៃខាងលើជាកោសិកាអេពីតេល្យូមងាប់ ដែលមានផ្ទុកកេរ៉ាទីន (ប៉ូលីប៉ិបទីត)។
កោសិកាមេឡាណូស៊ីតនៃស្រទាប់អេពីឌែមផលិតមេឡានីនដែលផ្តល់ជាតិពណ៌ឱ្យស្បែក។
៥.៣. ឌែម
ឌែមជាស្រទាប់ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្រទាប់អេពីឌែមដែលមានកម្រាស់
4 mm ហើយវាកើតឡើងពីជាលិកាសន្ធានសរសៃយឺត
និងកូឡាសែន។ នៅក្នុងស្រទាប់ឌែមសម្បូរដោយសរសៃឈាម
និងចុងភីបប្រសាទដែលភ្ជាប់ទៅនឹងធ្មួលវិញ្ញាណនៅក្នុងស្បែក។
នៅក្នុងស្រទាប់ឌែមមានសាច់ដុំរលីង
ក្រពេញញើស ក្រពេញសេបូម ឬសរោម ធ្មួលបំណះទង្គិច និងសរសៃទឹករងៃ។
៥.៤. សរីរាង្គបន្ទាប់បន្សំរបស់ស្បែក
ក. ក្រពេញនៅក្នុងស្បែក
ស្បែកមានក្រពេញពីរប្រភេទគឺ
ក្រពេញសេបូម និងក្រពេញញើស
- ក្រពេញសេបូមជាក្រពេញដែលមាននាទីក្នុងការបញ្ចេញសេបូមដែលជាល្បាយនៃរូបធាតុខ្លាញ់
និងកម្ទេចកំទីកោសិកានៅក្នុងប្ញសរោម។
សេបូមមាននាទីដូចជារបាំងការពារទប់ទល់នឹងជំងឺដែលបង្កដោយបាក់តេរី
និងផ្សិត។
- ក្រពេញញើសជាក្រពេញដែលមាននាទីបញ្ចេញញើសដែលមានសារធាតុមួយចំនួនដូចជាទឹក
សារធាតុខនិជ អ៊ុយរ៉េ និងសារធាតុផ្សេងៗទៀត។
ក្រពេញនេះមាននៅស្ទើរគ្រប់ទីកន្លែងទាំងអស់នៃសារពាង្គកាយ។
នៅក្នុងក្រពេញញើសនេះមានក្រពេញញើសមួយដែលបញ្ចេញញើសក្លិនអាក្រក់គឺជាក្រពេញអាប៉ូគ្រីន។
មនុស្សយើងបញ្ចេញញើសក្នុងមួយថ្ងៃជាមធ្យមពី 500mL
ទៅ 600mL។
ការបញ្ចេញញើសនេះមានប្រយោជន៍ដូចជា
តម្រូវសីតុណ្ហភាពក្នុងរាងកាយតាមរយៈរំហួតញើសគឺធ្វើឱ្យសីតុណ្ហភាពសារពាង្គកាយថេរជានិច្ច
ដោយសារកម្ដៅលើសត្រូវបញ្ចេញមកក្រៅដោយរំហួតទឹកតាមការបែកញើស។
សត្វឆ្កែវាបញ្ចេញអណ្ដាតចេញមកខាងក្រៅនៅពេលក្ដៅព្រោះវាគ្មានក្រពេញញើសនៅលើស្បែកទេ
គឺវាមានតែនៅលើអណ្តាតរបស់វាដូចនេះដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនរបស់វាកុំឱ្យក្តៅពេកវាក៏បញ្ចេញអណ្តាតមកខាងក្រៅដើម្បីរំហួតទឹកតាមអណ្តាតវា។
ខ. រោម
រោមមានពីរផ្នែកគឺគល់រោម និងសរសៃរោមដែលជាផ្នែកដែលយើងមើលឃើញ។
សរសៃរោមកើតឡើងពីកោសិកាអេពីឌែមរឹង
ហើយងាប់ លើកលែងតែឫសរោមដែលមានជីវិត
ហើយស្ថិតនៅក្នុងគល់រោមនៃស្រទាប់ឌែម។
ពណ៌រោមត្រូវបានកំណត់ដោយជាតិពណ៌មេឡានីនដែលផលិតដោយកោសិកាមេឡាណូស៊ីតនៃ
ស្រទាប់អេពីឌែមផ្នែកបាតនៃគល់រោម។
បរិមាណនៃការផលិតជាតិពណ៌មេឡានីនត្រូវបានត្រួតពិនិត្យដោយសែន
ដូចនេះកាលណាសែនដែលត្រួតពិនិត្យក្នុងការសំយោគជាតិមេឡានីននេះមិនដំណើរការមនុស្សនោះនឹងក្លាយជាភឿក ដែលធ្វើឱ្យស្បែក
រោមគ្មានពណ៌ឡើយ។
គ. ក្រចក
ក្រចកជាទម្រង់ការពារដែលស្ថិតនៅផ្នែកខាងលើចុងម្រាមដៃ និងម្រាមជើង
ហើយក្រចកនីមួយៗ មានសន្ទះក្រចក
និងគល់ក្រចក។ សន្ទះក្រចកកើតឡើងពីកោសិកាអេពីតេល្យូម។ នៅផ្នែកគល់នៃសន្ទះក្រចកមានកោសិកាអេពីតេល្យូមធ្វើចំណែកយ៉ាងសកម្ម
តែក្រោយពេលធ្វើចំណែកកោសិកាទាំងនេះបានភ្ជោកដោយជាតិកេរ៉ាទីន
ហើយក្លាយទៅជាក្រិនរួចរុញសន្ទះក្រចកទៅមុខជាបន្តបន្ទាប់។
៥.៥. ធ្មួលកាយវិញ្ញាណ
ធ្មួលកាយវិញ្ញាណមានដូចជាធ្មួលក្ដៅ ធ្មួលត្រជាក់ សម្ពាធ បំណះទង្គិច
និងការឈឺចាប់។ ធ្មួលវិញ្ញាណទាំងនេះមានទម្រង់ខុសពីគ្នា
ហើយធ្មួលនីមួយៗរួសទៅនឹងរំញោចមួយប្រភេទ។
ធ្មួលវិញ្ញាណបំណះទង្គិចសម្បូរនៅលើម្រាមដៃ ត្របកភ្នែក បបូរមាត់
ចុងអណ្តាត និងបាតដៃ។
ធ្មួលសម្ពាធមាននៅត្រង់តំបន់សន្លាក់
ជាលិកាសាច់ដុំ និងសរីរាង្គមួយចំនួន
ហើយវាក៏សម្បូរផងដែរនៅផ្នែកបាតដៃ បាតជើង
និងម្រាមដៃតែវាអាចទទួលរំញោចបានលុះត្រាតែមានសម្ពាធធ្ងន់។
ធ្មួលវិញ្ញាណឈឺចាប់ លាតសន្ធឹងនៅក្នុងស្រទាប់ក្រោមរបស់អេពីឌែម។
សរីរាង្គវិញ្ញាណនេះមាននាទីបញ្ជូនព័ត៌មាននៃការឈឺចាប់។
ធ្មួលវិញ្ញាណពីរទៀតតបនឹងរំញោចសីតុណ្ហភាពគឺធ្មួលវិញ្ញាណកម្តៅមាននៅក្នុងស្រទាប់ជ្រៅនៃឌែម
និងធ្មួលវិញ្ញាណត្រជាក់មាននៅជិតផ្ទៃស្បែក។
ព័ត៌មានបន្ថែម : ស្បែករួសទៅនឹងកម្ដៅ ឬត្រជាក់ បំណះទង្គិច ឬសម្ពាធ និងការឈឺចាច់។ របាយនៃធ្មួលវិញ្ញាណទាំងនេះប្រែប្រួលទៅតាមទីតាំងនៅលើស្បែកដែលហៅថាទីតាំងនៃវិញ្ញាណ។ ឧទាហរណ៍ នៅខាងចុងម្រាមដៃផ្នែកប្រអប់ដៃមានធ្មួលឈឺចាប់ប្រហែល ៦០ កន្លែងក្នុង ១ cm2 និងធ្មួលវិញ្ញាណបំណះទង្គិចចំនួន ១០០ កន្លែងក្នុង ១ cm2។ ផ្នែកខ្នងដៃនៅខាងចុងកម្រាមដៃដដែលមានធ្មួលវិញ្ញាណឈឺចាប់ ១០០ កន្លែង ប៉ុន្តែធ្មួលវិញ្ញាណបំណះទង្គិចតែ ៩ កន្លែងប៉ុណ្ណោះ។
Post a Comment
Post a Comment