ជំពូកទី១ : ស៊ីមណូស្ពែម និងអង់ស្យូស្ពែម
មេរៀនទី១ : ស៊ីមណូស្ពែម
១-ប្រភេទផ្សេងៗនៃស៊ីមណូស្ពែមស៊ីមណូស្ពែមជារុក្ខជាតិមានគ្រាប់ដែលមានគ្មានសំបកការពារពីខាងក្រៅទេគឺជារុក្ខជាតិមានគ្រាប់ននល។ រុក្ខជាតិស៊ីមណូស្ពែមជារុក្ខជាតិមានគ្រាប់ទី១មុនរុក្ខជាតិអង់ស្យូស្ពែមគឺ វាកើតមានឡើងនៅលើផែនដីនៅក្នុងពាក់កណ្ដាលស័កទី១ ក្នុងសម័យកាលស៊ីលុយរ្យាង និងដេវ៉ូញាង តែវាសម្បូរនៅក្នុងពាក់កណ្តាលស័កទី ២ ដែលមានរហូតដល់ ២០០០០ប្រភេទ។ នៅពេលបច្ចុប្បន្ននេះមានរុក្ខជាតិស៊ីមណូស្ពែមចំនួន៤ក្រុមគឺ ប្រង់ កូនីភែ គីងកូ និងស៊ីណែតូភីត។
១.១. ប្រង់
វាមានដើមកំណើតតាំងពីប្រហែល ១៧៥ លានឆ្នាំមុន ហើយវាជាប្រភេទដែលមានច្រើនជាងគេ និងមានដុះនៅតាមតំបន់ ត្រូពិច និងក្បែរត្រូពិច។ ដើមរបស់វាមានលក្ខណៈដូចជាដើមត្នោតដែលមានស្លឹកផ្ដុំគ្នានៅកំពូលខាងចុង ហើយវាផលិតកោន ដែលមានរាងដូចបាលនៅពេលដែលកោនវាធំ។
១.២. កូនីភែ
វាជារុក្ខជាតិស៊ីមណូស្ពែមដែលមានក្រុមច្រើនជាងគេ ហើយស្លឹកវាមានរាងដូចជាម្ជុល (ស្រស់) ដែលជាលក្ខណៈជួយ បង្ការដល់ការបាត់បង់ទឹកធ្វើឲ្យរុក្ខជាតិអាចបន្ស៊ាំនឹងអាកាសធាតុស្ងួតបានហើយជាទូទៅស្លឹករបស់វាតែងមានពណ៌បៃតង ពេញមួយឆ្នាំ។ ជាទូទៅវាអាចរស់នៅបានពី២ឆ្នាំទៅ១៤ឆ្នាំ ហើយគ្រាប់របស់វាជាអាហារដ៏សំខាន់សម្រាប់សត្វកកេរ និងបក្សីមួយចំនួន។
១.៣. គីងកូ
វាមានដើមកំណើតតាំងពីរាប់រយលាន់ឆ្នាំមុនម្លេះ តែសព្វថ្ងៃនេះមាននៅសល់តែ១ប្រភេទប៉ុណ្ណោះ ហើយវាមាននៅតែ ក្នុងប្រទេសមួយចំនួនដូចជាប្រទេសចិន ជប៉ុន និងកូរ៉េជាដើម។ ជាធម្មតាគេដាំវានៅក្នុងសួនច្បារ ឬនៅតាមដងផ្លូវក្នុងទីក្រុង ព្រោះវាធន់នឹងកង្វក់បរិយាកាសបាន។
១.៤. ស៊ីណែតូភីត
វាជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់ដែលមានអាកាសធាតុក្តៅ និង
ក្នុងតំបន់ត្រូពិចដែលមានភ្លៀង ហើយពួក វាមួយចំនួនជាដើមឈើ ចុល្លព្រឹក្សសម្រាប់លំអរ និងខ្លះទៀតជាវល្លិ ហើយវាអាចរស់បានជាងមួយពាន់ឆ្នាំ។
២. កាបន្តពូជរបស់ស៊ីមណូស្ពែម
២.១. សរីរាង្គលូតលាស់
ក-ដើម
វាអាចមានសណ្ឋានជាដើមទោល ត្រង់ និងបញ្ចប់ដោយកូនស្លឹក ឬកន្សោមមែកនៅកំពូលដើម ហើយដើមខ្លះ ទៀតមានទិដ្ឋភាពដូចជាដើមដូង(Cycads) ឬបែកមែកច្រើន(ស្រស់)។
ខ-ស្លឹក
វាមានសំណើក្រាស់ខ្លាំង មានស្តូម៉ាតតិចហើយកប់ជ្រៅ និងមានរូបរាងខុសៗគ្នាដូចជា
- ទំហំធំមានទ្រនុងស្និត និងមានសភាពដូចស្លឹកដូង(ប្រង់)។
- រាងផ្លិត មានទ្រនុងរាងកង្ហារ(គីងកូ)។
- រាងម្ជុលមានទ្រនុងស្លឹកតែមួយ ហើយស្លឹកវាផ្ដុំគ្នានៅចុងមែក (ស្រស់)
- រាងស្រកា ដែលតម្រៀបគ្នាគ្របដណ្ដប់ផ្ទៃមែកទាំងអស់។
២.២. សរីរាង្គបន្តពូជ
សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែមជាកោន ដែលមានកោនញី និងកោនឈ្មោល។
- កោនឈ្មោលឬកេសរឈ្មោលបង្ហាញដោយស្រកាមួយដែលមានផ្ទុកមីក្រូស្ប៉រ៉ង ដែលមាននាទីក្នុងការផលិតមីក្រូស្ប៉រួចជាគ្រាប់លំអងដែលមានកោសិកា២គឺកោសិកាលូតលាស់ និងកោសិកាបន្តពូជ ដោយកោសិកាបន្តពូជឲ្យកំណើតទៅជាកាម៉ែតឈ្មោល ២ ហៅថាស្ពែម៉ាតូសូអ៊ីត ឬអង់តេរ៉ូសូអ៊ីត។
- កោនញីជាសរីរាង្គបន្តពូជភេទញី ឬកេសរញីដែលមានរូបរាងប្រែប្រួល ដោយជួនកាលវារួញខ្លីក្លាយជាអូវុលននល ហើយជួនកាលវាបង្កជាស្រកាដែលមានផ្ទុកអូវុលហៅថា ស្រកាកេសរញី ដែលមានសភាពបើកជានិច្ច ធ្វើឲ្យអូវុលគ្មានអ្វីបិទបាំងទេ ហើយអូវុលមានសភាពត្រង់មានស្រោមតែមួយជានិច្ច។ នៅក្នុងនុយសែលមានកំណម៉ាក្រូស្ប៉បួន ដែលមាន ៣ ត្រូវរលាយបាត់ ទៅវិញ ហើយនៅសល់មួយក៏លូតលាស់ជាម៉ាសកោសិកាហៅថា ប្រូតាល់ញី។
២.៣. វដ្តជីវិតស៊ីមណូស្ពែម
សរីរាង្គបន្តពូជរបស់ស៊ីមណូស្ពែមជាកោនដែលរួមមានកោនញី និងកោនឈ្មោលដែលអាចផលិតនៅលើដើមជាមួយគ្នាឬដើមខុសគ្នា។
- កោនឈ្មោលមាននាទីផលិតគ្រាប់លំអងល្អិតៗដែលមានផ្ទុកកោសិកាដោយក្រោយមកក្លាយជាកាម៉ែតឈ្មោលហៅថា ស្ពែម៉ាតូសូអ៊ីត។ ជាទូទៅស្រកានីមួយៗនៅលើកោនផលិតបានគ្រាប់លំអងរាប់ពាន់។
- កោនញីជាសរីរាង្គបន្តពូជភេទញីវាមានផ្ទុកនូវកាម៉ែតូភីតញីដែលលូតលាស់ជាអូវុលដែលជាសរីរាង្គមួយមានផ្ទុក អូអូស៊្វែ។ ជាទូទៅនៅលើគល់នៃស្រកានីមួយៗរបស់កោនញីមានផ្ទុកយ៉ាងតិចក៏អូវុល១ដែល ដែលក្រោយពីការបង្កកំណើត វានឹងលូតលាស់ទៅជាគ្រាប់។
- ក្រោយកោនញី និងកោនឈ្មោលបង្កើតបាននូវកាម៉ែតបន្តពូជហើយវាក៏មានដំណើរលំអងដែលប្រព្រឹត្តទៅតាមខ្យល់ ដោយគ្រាប់លំអងធ្លាក់ទៅលើកោនញីជាប់នឹងសារធាតុស្អិតៗដែលផលិតដោយអូវុល បន្ទាប់មកកាម៉ែតទាំងពីរជាប់គ្នានៅក្នុង កោនញីហើយក៏ធ្វើការបង្កកំណើតនឹងគ្នារវាងស្ពែម៉ាតូសូអ៊ីត និងអូវុលនីមួយៗបានជាស៊ុត ហើយលូតលាស់នៅក្នុងស្រការបស់កោនញីទៅជាអំប្រ៊ីយ៉ុងដែលជាផ្នែកមួយនៃគ្រាប់។ ហើយកោនញីស្ថិតនៅលើដើមរហូតដល់គ្រាប់ទុំ ស្រកាក៏បើកហើយគ្រាប់ របស់វាក៏ធ្លាក់មកលើដីដល់ទីឆ្ងាយៗដោយសារការអង្រួន និងបកបោកនៃខ្យល់។ គ្រាប់ដែលធ្លាក់ទៅចំកន្លែងដែលមានលក្ខខ័ណ្ឌប្រកបវាក៏ដុះបានជារុក្ខជាតិថ្មីទៀត ហើយក៏អាចធ្វើការបន្តពូជដោយបង្កើតជាកោនទៀតដែរ។
ទស្សនាវីដេអូបង្រៀនខាងក្រោម
Post a Comment
Post a Comment