១. រូបផ្គុំរបស់ប្រូតេអ៊ីន
ប្រូតេអ៊ីន ជាម៉ាក្រូម៉ូលេគុលសាំញ៉ាំកើតឡើងពីច្រវាក់អាស៊ីតអាមីនេ ដែលចូលរួមក្នុងតម្រូវមេតាប៉ូលីស ដំណឹកនាំ ការការពារ និងកាតាលីករជីវៈ។
ម៉ូលេគុលដែលមានអាស៊ីតអាមីនេតិចជាង 50 ហៅថាប៉ិបទីត។ ប្រូតេអ៊ីនកើតឡើងពីអាស៊ីតអាមីនេលើសពី 50។ ប្រូតេអ៊ីននីមួយៗមានច្រវាក់ប៉ិបទីតមួយ ឬច្រើន។
១.១. ទម្រង់ទី 1
ទម្រង់ទី 1 កើតឡើងពីតំណលំដាប់អាស៊ីតអាមីនេសុទ្ធ ហើយជាមូលដ្ឋានគ្រឹះនៃព័ត៌មានសេនេទិច។ ប្រូតេអ៊ីនពីរខុសគ្នាដោយតំណលំដាប់អាស៊ីតអាមីនេខុសៗគ្នា។
១.២. ទម្រង់ទី 2
ទម្រង់ទី 2 កើតឡើងពីច្រវាក់ប៉ូលីប៉ិបទីតបត់ជាខ្សែខ្ចៅ ហើយរឹងមាំដោយសម្ព័ន្ធអ៊ីដ្រូសែន រវាងបណ្តុំកាបុកស៊ីល និងបណ្តុំអាមីន។ ទម្រង់បត់បែនរបស់ច្រវាក់ប៉ូលីប៉ិបទីតមានពីរប្រភេទគឺទម្រង់ស្រប និងមិនស្រប។ ក្នុងទម្រង់បត់បែនស្រប ច្រវាក់ប៉ូលីប៉ិបទីតតម្រៀបទៅតាមទិសតែមួយ។ ចំណែកទម្រង់បត់បែនមិនស្រប ច្រវាក់ប៉ូលីប៉ិបទីតតម្រៀបក្នុងទិសដៅផ្ទុយគ្នា។ ទម្រង់បត់បែនមិនស្របរឹងមាំជាងទម្រង់បត់បែនស្រប។
១.៣. ទម្រង់ទី 3
សំដៅទៅលើទម្រង់ដែលមានបីសណ្ឋានគឺ ទីមួយប៉ូលីប៉ិបទីតមួយចំនួនមានអាស៊ីតអាមីនេនៅឆ្ងាយពីគ្នា ក្រោយពេលបត់បែនជាច្រើនផ្នត់ អាស៊ីតអាមីនេជាប់គ្នា។ ទីពីរ ការបត់បែននេះ ប្រូតេអ៊ីនក្លាយជាប្រូតេអ៊ីគ្រាប់។ ទីបីប្រូតេអ៊ីនគ្រាប់មានទំហំធំផ្ទុកគ្រាប់តូចៗមានអាស៊ីតអាមីនេលើសពី 200 ហៅថា ដូមេនដែលជាអង្កត់ជាក់លាក់ ហើយតែងតែមាននាទីយថាប្រភេទ។
១.៤. ទម្រង់ទី 4
ទម្រង់ទី 4 ជាប្រូតេអ៊ីនមានម៉ូលេគុលធំៗ កើតឡើងដោយច្រវាក់បូលីប៉ិបទីតបី ឬបួន ធ្វើឱ្យប្រូតេអ៊ីនកាន់តែសាំញ៉ាំ។
២. នាទីរបស់ប្រូតេអ៊ីន
២.១. កាតាលីករ
ប្រូតេអ៊ីនជាកាតាលីករដូចជាប្រូតេអ៊ីនបង្កើនល្បឿនប្រតិកម្មគីមី ប្រូតេអ៊ីនចូលរួមក្នុងលំនាំរំលាយអាហារ ប្រូតេអ៊ីនចាប់យកថាមពល និងធ្វើជីវៈសំយោគ។ Ex. រីប៊ុយឡូ ប៊ីផូស្វាត កាបុកស៊ីឡាស ជាសមាសធាតុយ៉ាងសំខាន់ក្នុងរស្មីសំយោគ។ នីត្រូសែនណាស ជាប្រូតេអ៊ីនសាំញ៉ាំដែលមាននាទីក្នុងការភ្ជាប់អាសូត។
២.២. ប្រូតេអ៊ីនទម្រង់
ប្រូតេអ៊ីនមួយចំនួនមាននាទីការពារ និងទ្រទ្រង់។ ប្រូតេអ៊ីនតែងតែមានលក្ខណៈពិសេសរបស់វា។ Ex. កូឡាសែនជាសរសៃប្រូតេអ៊ីនក្នុងជាលិកាសន្ធាន ដែលជាសមាសធាតុចម្បងក្នុងការភ្ជាប់ជាលិកាធ្វើឱ្យជាលិការឹងមាំ។ អេឡាស្ទីនជាប្រូតេអ៊ីនដែលមាននៅក្នុងសរសៃយឺតក្នុងជាលិកានៃសារពាង្គកាយ ដូចជាសរសៃឈាម និងស្បែក។
២.៣. អ្នកធ្វើចលនា
ប្រូតេអ៊ីនចូលរួមគ្រប់ចលនារបស់កោសិកា។ Ex. អាក់ទីន(មីក្រូភីឡាម៉ង់) ទុយប៊ុយលីន(កូនបំពង់តូចៗ) និងប្រូតេអ៊ីនផ្សេងៗទៀតនៅក្នុងស៊ីតូប្លាសបង្កើតបានជាគ្រោងឆ្អឹងកោសិកា ដែលមានសកម្មភាពក្នុងចំណែកកោសិកា អង់ដូស៊ីតូស និងអ៊ិចសូស៊ីតូស។
អង់ដូស៊ីតូសជាការដឹកនាំសារធាតុចូលទៅក្នុងកោសិកាដោយថង់ស៊ីតូប្លាសផាកូស៊ីតូស។
អ៊ិចសូស៊ីតូសជាការដឹកនាំសារធាតុចេញពីកោសិកាដោយថង់ស៊ីតូប្លាស។
២.៤. អ្នកការពារ
ប្រូតេអ៊ីនមាននាទីការពារ។ Ex. ចំពោះសត្វឆ្អឹងកង កេរ៉ាទីនជាសរសៃប្រូតេអ៊ីនក្នុងជាលិកាអេពីតេល្យូមរបស់ស្បែក មាននាទីការពារការជ្រៀតចូលនៃមេរោគពេលស្បែកមានរបួស។ ភីប្រ៊ីណូសែន និងត្រុំប៊ីន ជាប្រូតេអ៊ីនធ្វើឱ្យឈាមកក ការពារការបាត់បង់ឈាមនៅពេលដាច់សរសៃឈាម។ ប្រូតេអ៊ីនប្រឆាំងនឹងមេរោគ ឬអង់ទីករផលិតដោយឡាំផូស៊ីតប្រឆាំងនឹងការជ្រៀតចូលនៃមេរោគ។
២.៥. អ្នកតម្រូវ(អរម៉ូន)
អរម៉ូនភាគច្រើនជាប្រូតេអ៊ីនដែលផលិតដោយក្រពេញអង់ដូគ្រីន។ អរម៉ូនក្នុងកោសិកាយថាប្រភេទប្រែប្រួលទៅតាមនាទីរបស់វា។ Ex. អាំងស៊ុយលីនបន្ថយកម្រិតគ្លុយកូសក្នុងឈាម គ្លុយកាកុងបង្កើនកម្រិតគ្លុយកូសក្នុងឈាម។ អរម៉ូនលូតលាស់ភ្ញោចកោសិកាលូតលាស់ឱ្យធ្វើចំណែក។
២.៦. អ្នកដឹកនាំ
ប្រូតេអ៊ីនមួយចំនួនដឹកនាំម៉ូលេគុល ឬអ៊ីយ៉ុងសារធាតុផ្សេងៗឆ្លងកាត់ភ្នាសកោសិកាដូចជាអ៊ីយ៉ុង Na+ K+ ជាដើម។ ប្រូតេអ៊ីនដឹកនាំមានអេម៉ូក្លូប៊ីនដែលមាននាទីក្នុងការដឹកនាំឧស្ម័នអុកស៊ីសែនពីសួតទៅកាន់ជាលិកា។ លីប៉ូប្រូតេអ៊ីនដឹកនាំលីពីតពីថ្លើម និងពោះវៀនទៅកាន់សរីរាង្គផ្សេងៗ។
តាមទម្រង់របស់ប្រូតេអ៊ីនគេចែកប្រូតេអ៊ីនជាពីរក្រុមគឺ :
- ប្រូតេអ៊ីនសរសៃ : ជាម៉ូលេគុលវែងមិនរលាយក្នុងទឹក ហើយស្វិត។ ប្រូតេអ៊ីនសរសៃមាននៅក្នុងស្បែក សក់ និងក្រចក ហើយមាននាទីជាអ្នកការពារ។
- ប្រូតេអ៊ីនគ្រាប់ : ជាម៉ូលេគុលរាងមូលតូចៗរលាយក្នុងទឹក។ ប្រូតេអ៊ីនគ្រាប់មាននាទីចលករ។ អង់ទីករ អេម៉ូក្លូប៊ីន និងអាល់ប៊ុយមីន ជាអ្នកដឹកនាំអាស៊ីតខ្លាញ់ក្នុងឈាម។
តាមសមាសភាពរបស់ប្រូតេអ៊ីន គេចែកប្រូតេអ៊ីនជាពីរក្រុមគឺ
- ប្រូតេអ៊ីនងាយ : កើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ Ex. សេរ៉ូមអាល់ប៊ុយមីននិងកេរ៉ាទីន។
- ប្រូតេអ៊ីនសាំញុំា : មានប្រូតេអ៊ីនងាយរួមជាមួយសមាសធាតុដែលមិនមែនជាប្រូតេអ៊ីន(ក្រុមប្រូស្តេទិច)។ Ex. គ្លីកូប្រូតេអ៊ីនផ្ទុកសមាសធាតុកាបូនអ៊ីដ្រាត លីប៉ូប្រូតេអ៊ីនផ្ទុកម៉ូលេគុលលីពីត និងមេតាឡូប្រូតេអ៊ីនផ្ទុកអ៊ីយ៉ុងលោហៈធាតុ។
កត្តាដែលអាចឱ្យប្រូតេអ៊ីនបាត់បង់គុណភាពមានដូចជា
- អាស៊ីត ឬបាសខ្លាំង : ការប្រែប្រួល pH ធ្វើឱ្យកើន ឬបាត់បង់អ៊ីយ៉ុងអាស៊ីអាមីនេក្នុងច្រវាក់ប៉ូលីប៉ិបទីតដែលបណ្ដាលឱ្យសម្ព័ន្ធអ៊ីដ្រូសែនត្រូវបានបង្អាក់។
- អង្គធាតុរំលាយ : អង្គធាតុរំលាយមិនប៉ូលែផ្ដាច់សម្ព័ន្ធមិនជ្រាបទឹកនៃទម្រង់ទី 3 និងទី 4។ ឯអង្គធាតុប៉ូលែផ្ដាច់សម្ព័ន្ធអ៊ីយ៉ុងនៃទម្រង់ប្រូតេអ៊ីន។
- សាប៊ូ : បង្អាក់ភាពបត់បែននៃទម្រង់ប្រូតេអ៊ីន ហើយធ្វើឱ្យរលាច្រវាក់ប៉ិបទីត។
- ភ្នាក់ងារផ្សេងៗ : អ៊ុយរ៉េបង្អាក់សម្ព័ន្ធអ៊ីដ្រូសែន និងការជ្រៀតចូលនៃទឹក។
- កំហាប់អំបិល : ប្រូតេអ៊ីនសរសៃមិនរលាយក្នុងទឹកទេ តែបើថែមអំបិលតែបន្តិចនៅក្នុងទឹក ប្រូតេអ៊ីនសរសៃរងនូវភាពរលាយ។
- លោហៈធាតុធ្ងន់ : លោហៈធាតុធ្ងន់ផ្តាច់សម្ព័ន្ធអ៊ីយ៉ុងរវាងបន្ទុកអគ្គិសនីវិជ្ជមាន និងអវិជ្ជមានដែលធ្វើឱ្យប្រែប្រួលទម្រង់ និងនាទីរបស់ប្រូតេអ៊ីន។
- បម្រែបម្រួលសីតុណ្ហភាព : កាលណាសីតុណ្ហភាពកាន់តែខ្ពស់ សកម្មភាព
របស់ប្រូតេអ៊ីនក៏កាន់តែកើនឡើង។ ផ្ទុយទៅវិញបើសីតុណ្ហភាពថយចុះការចងសម្ព័ន្ធអ៊ីដ្រូសែនក្នុងប្រូតេអ៊ីនត្រូវបង្អាក់។
- ចលនាមេកានិច : ការកូរ ឬកិនបំបែកក៏អាចបង្អាក់កម្លាំងដែលបង្កើនទម្រង់ប្រូតេអ៊ីនបានដែរ។
Post a Comment
Post a Comment