ជំពូកទី៣ : តម្រូវផ្សេងៗរបស់សារពាង្គកាយ
មេរៀនទី១ : តម្រូវប្រសាទ
ជីវវិទ្យាថ្នាក់ទី12
ទស្សនាវីដេអូបង្រៀនខាងក្រោម
ស្លាយ
សត្វឆ្អឹងកងប្រើប្រាស់បណ្តាញប្រសាទ (ណឺរ៉ូន) ដើម្បីទទួលព័ត៌មានពីខាងក្នុងសារពាង្គកាយ និងបរិស្ថានខាងក្រៅ និងបញ្ជូនព័ត៌មានទាំងឡាយទៅកោសិកាផ្សេងៗព្រមទាំងបញ្ជូនទៅសាច់ដុំ និងក្រពេញទាំងអស់នៃសារពាង្គកាយ។
១. តម្រូវប្រសាទសត្វឥតឆ្អឹងកង
១.១ តម្រូវប្រសាទប្រូទីស
ប្រូទីសគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេ។
តំណបរំញោចប្រូទីសប្រព្រឹត្តទៅតាមរបៀបសម្របសម្រួលពិសេសរបស់វាដូចជាប្រូទីសខ្លះមានរោមញ័រពិសេសដែលមាននាទីដូចជាណឺរ៉ូនរបស់សត្វថ្នាក់ខ្ពស់ភាគច្រើន។ ដូចជាប៉ារ៉ាមេស៊ីប្រព័ន្ធទំនាក់ទំនងស្ថិតនៅផ្នែកគល់នៃរោមញ័រ។ ប្រព័ន្ធនេះត្រួតពិនិត្យចលនារបស់រោមញ័រ ដែលធ្វើឲ្យវាអាចឆ្លើយតបនឹងរំញោចផ្សេងៗ។ តែប្រូទីសខ្លះមានធាតុកោសិកាដែលជាសរីរាង្គវិញ្ញាណសម្រាប់ទទួល និងឆ្លើយតបទៅនឹងរំញោច។
១.២ តម្រូវប្រសាទអ៊ីត
ប្រព័ន្ធប្រសាទរបស់អ៊ីតមានលក្ខណៈដូចជាណឺរ៉ូនភ្ជាប់ពីមួយទៅមួយបង្កើតបានជាបណ្តាញសរសៃប្រសាទ ដែលភ្ជាប់កោសិកាធ្នួលពិសេសស្ថិតនៅក្នុងភ្នាសនៃសារពាង្គកាយជាមួយសាច់ដុំ និងកោសិកាក្រពេញគ្របដណ្ដប់ពាសពេញសារពាង្គកាយអ៊ីត។ កោសិកាវិញ្ញាណប្រមូលផ្តុំយ៉ាងច្រើននៅក្បែរមាត់។ ចេញពីកោសិកាវិញ្ញាណ ភីបប្រសាទភ្ជាប់ទៅនឹងកោសិកាកាយវិញ្ញាណផ្សេងៗទៀតបង្កើតជាបណ្ដាញប្រសាទទាំងមូល។
អ៊ីតឆ្លើយតបទៅនឹងរំញោចបានដូចជានៅពេលផ្នែកណាមួយនៃសារពាង្គកាយទទួលបានរំញោចអាំងភ្លុចប្រសាទសាយយឺតៗ ចេញពីកន្លែងរំញោចទៅពាសពេញបណ្តាញសរសៃប្រសាទទាំងមូលនៃសារពាង្គកាយ ធ្វើឲ្យគ្រប់កោសិកាសាច់ដុំនៃសារពាង្គកាយឆ្លើយតបនឹងរំញោច។
១.៣ តម្រូវប្រសាទជន្លេន
ប្រព័ន្ធប្រសាទរបស់ជន្លេនរួមមាន មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។
- មជ្ឈមណ្ឌលប្រសាទ : មានខួរក្បាល ដែលភ្ជាប់ជាមួយសរសៃប្រសាទពោះរឹងមួយគូរ។ សរសៃប្រសាទនេះរីក ធំនៅតាមកង់នីមួយៗ ហៅថាកង់គ្លីយ៉ុង។
- បរិមណ្ឌលប្រសាទ : កើតពីបណ្តាញសរសៃប្រសាទចំហៀងជាច្រើន ដែលបន្តគឺមជ្ឈមណ្ឌលប្រសាទទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយ។ សរសៃប្រសាទនោះមានណឺរ៉ូនវិញ្ញាណ និងណឺរ៉ូនចលករ (ម៉ូទ័រ)។
ប្រព័ន្ធប្រសាទរបស់ជន្លេនមានលក្ខណៈងាយជាងសរីរាង្គវិញ្ញាណរបស់កណ្តូបពីព្រោះជន្លេនមានសរីរាង្គវិញ្ញាណតិច(ស្បែក) ចំណែកកណ្តូបមានសរីរាង្គវិញ្ញាណច្រើន (ភ្នែក ពុក និងជីវ្ហាវិញ្ញាណ) ហើយការឆ្លើយតបរបស់ជន្លេនមានលក្ខណៈងាយជាងកណ្តូប។
គំនូសបំប្រួញបង្ហាញពីអាំងភ្លុចប្រសាទក្នុងខ្លួនជន្លេន
រំញោច → ធ្មួលវិញ្ញាណ(ស្បែក) → ណឺរ៉ូនវិញ្ញាណនាំ → អន្តរណឺរ៉ូន → ណឺរ៉ូចលករ → សាច់ដុំឬក្រពេញ។
១.៤. តម្រូវប្រសាទកណ្តូប
ប្រព័ន្ធប្រសាទកណ្តូបមានលក្ខណៈស្រដៀងគ្នានឹងជន្លេនដែរ។ ប្រព័ន្ធប្រសាទរបស់វាមានខួរក្បាលសរសៃប្រសាទពោះរឹងមួយគូ និងកង់គ្លីយ៉ុងដែលស្ថិតនៅតាមបណ្តោយដងខ្លួន។ កណ្តូបមានភ្នែក ពុក និងជីវ្ហាវិញាណដែលឆ្លើយតបនឹងរំញោចផ្សេងៗ។
ប្រព័ន្ធប្រសាទរបស់កណ្តូបមានការវិវត្តន៍ខ្ពស់ជាងសរីរាង្គវិញ្ញាណជន្លនព្រោះកណ្តូបមានភ្នែក ពុក និងជិវ្ហាវិញ្ញាណដែលឆ្លើយតបនឹងរំញោច ហើយការឆ្លើយតបទៅនឹងរំញោចតាមវីធីស្មុកស្មាញជាងជន្លេន
២. តម្រូវប្រសាទសត្វឆ្អឹងកង
២. តម្រូវប្រសាទសត្វឆ្អឹងកង
២.១. រូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង
សកម្មភាពនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងប្រព្រឹត្តទៅក្រោមចលការមួយ និងមូលដ្ឋានគ្រឹះបី។ ចលនការប្រព្រឹត្តទៅក្រោមសកម្មភាពនៃអាំងភ្លុចប្រសាទ។
ចំណែកមូលដ្ឋានគ្រឹះទាំងបីមាន :
- មជ្ឈមណ្ឌលប្រសាទ
- សរសៃប្រសាទនាំព័ត៌មានទៅខួរក្បាល
- សរសៃប្រសាទទួលបញ្ជាពីខួរក្បាលវិញ
ប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានពីរផ្នែក ដែលមាននាទីផ្ទុយគ្នាគឺ មជ្ឈមណ្ឌលប្រសាទ រួមមានខួរក្បាល និងខួរឆ្អឹងខ្នងដែលជាកន្លែងទទួលព័ត៌មាននៅក្នុងប្រព័ន្ធប្រសាទ។ បរិមណ្ឌលប្រសាទ មានផ្លូវប្រសាទ(ឬសរសៃប្រសាទ) ទាំងអស់នៃសារពាង្គកាយក្រៅពីខួរក្បាល និងខួរឆ្អឹងខ្នង។ ផ្លូវប្រសាទ(ឬសរសៃប្រសាទ) នៃបរិមណ្ឌប្រសាទទាំងនោះមានចែកជាពីរក្រុមគឺ
- ផ្លូវប្រសាទវិញ្ញាណនាំ មាននាទីបញ្ជូនព័ត៌មានទៅកាន់មជ្ឈមណ្ឌលប្រសាទ។
- ផ្លូវប្រសាទចលករ(ម៉ូទ័រ) ជាប្រព័ន្ធប្រសាទដែលមាននាទីទទួលបញ្ជាពីមជ្ឈមណ្ឌលប្រសាទមកវិញ។ ផ្លូវប្រសាទចលករចែកជាប្រព័ន្ធប្រសាទឆន្ទៈដែលបញ្ជាសាច់ដុំជាប់ឆ្អឹង និងប្រព័ន្ធប្រសាទអឆន្ទៈដែលភ្ញោចក្រពេញ និងសាច់ដុំដ៏ទៃទៀតក្នុងសារពាង្គកាយដូចជាសាច់ដុំបេះដូង សាច់ដុំរលីងរបស់សរសៃឈាម...និងប្រព័ន្ធណឺរ៉ូន-អង់ដូគ្រីនដែលជាបណ្តាញក្រពេញអង់ដូគ្រីន ហើយការផលិតអរម៉ូនវាស្ថិតនៅក្រោមការបញ្ជាពីមជ្ឈមណ្ឌលប្រសាទ។
ភីបប្រសាទរួមគ្នាជាបាច់ហៅថាបាច់ប្រសាទ។ បណ្តុំបាច់ប្រសាទហៅថា បំពង់ប្រសាទនៅក្នុងមជ្ឈមណ្ឌលប្រសាទ។ ដោយឡែកនៅក្នុងបរិមណ្ឌលប្រសាទវិញ គេហៅថាសរសៃប្រសាទ (ភីបប្រសាទ →បាច់ប្រសាទ →សរសៃប្រសាទ)។
បរិមណ្ឌលប្រសាទនៅក្នុងតួកោសិកាដែលផ្តុំជាក្រុមហៅថា ណ្វៃយ៉ូតែនៅក្នុងមជ្ឈមណ្ឌលប្រសាទហៅថាកង់គ្លីយ៉ុង។
២.២ តម្រូវប្រសាទសត្វឆ្អឹងកង
គួរកត់សម្គាល់ថាចំពោះសត្វឆ្អឹងកង ទំហំ និងលក្ខណៈស្មុគស្មាញរបស់ខួរធំនិងខួរតូច(ខួរក្បាល) កើនឡើងពីថ្នាក់ត្រីទៅថ្នាក់ថនិកសត្វ។
អឌ្ឍគោលខួរជាតំបន់វិនិច្ឆ័យនៃខួរក្បាល វាទទួល បកស្រាយ និងកំណត់តំណបទៅនឹងព័ត៌មានរបស់សរីរាង្គវិញ្ញាណ និងសកម្មភាពការសិក្សា ការចងចាំ(សតិ) សុភនិច្ឆ័យ ក៏ជានាទីរបស់តំបន់នៃអឌ្ឍគោលខួរនេះដែរ។
ខួរតូចដែលមាននាទីសម្របសម្រួលចលនា និងត្រួតពិនិត្យលំនឹង មានការវិវត្តខ្ពស់ជាពិសេសចំពោះសត្វនៅក្នុងថ្នាក់បក្សី និងថនិកសត្វ។
៣. ប្រព័ន្ធប្រសាទមនុស្ស
៣. ប្រព័ន្ធប្រសាទមនុស្ស
៣.១ នាទីប្រព័ន្ធប្រសាទ
ប្រសិនបើគ្មានប្រព័ន្ធប្រសាទនោះទេអ្នកក៏មិនអាចធ្វើចលនា គិត មានអារម្មណ៍ឈឺចាប់ឬដឹងរសជាតិបានឡើយ។ ប្រព័ន្ធប្រសាទមាននាទីដូចជា ៖
- ការទទួលព័ត៌មាន : ជាការទទួលដឹងពីអ្វីៗដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើងដោយសារប្រព័ន្ធប្រសាទ។ ឧទាហរណ៍ : ភ្នែកអ្នកចាំទីបាល់ទាត់ទទួលព័ត៌មានថាបាល់នឹងបោះពួយមករកគាត់ដោយប្រព័ន្ធប្រសាទ។
- តំហែរក្សាថេរលំនឹង : ប្រព័ន្ធប្រសាទជួយថែររក្សាលំនឹងដោយបញ្ជាឲ្យសារពាង្គកាយឆ្លើយតបឲ្យបានសមស្របនឹងព័ត៌មានដែលទទួលបាន។ ឧទាហរណ៍ :ប្រព័ន្ធប្រសាទអ្នកចាំទីសម្របសម្រួលអត្រាដង្ហើម និងចង្វាក់បេះដូងដើម្បីផ្គត់ផ្គង់ថាមពលបន្ថែមនៅពេលចាប់បាល់។
- ការឆ្លើយតបនឹងពត៌មាន : ជាការឆ្លើយតបនឹងបម្រែបម្រួល ឬសញ្ញាណាមួយនៅក្នុងមជ្ឈដ្ឋានខាងក្រៅ ដែលធ្វើឲ្យសារពាង្គកាយមានមានប្រតិកម្ម។ ឧទាហរណ៍ :ប្រព័ន្ធប្រសាទបណ្ដាលឲ្យមានការឆ្លើយតបដោយធ្វើឲ្យអ្នកចាំទីលោតចាប់បាល់មិនឲ្យចូលទីបាន។
សម្គាល់ : រំញោចជាបម្រែបម្រួលក្នុងមជ្ឈដ្ឋានខាងក្រៅដែលបណ្តាលឲ្យសារពាង្គកាយមានប្រតិកម្ម។
៣.២ ណឺរ៉ូន(ឬកោសិកាប្រសាទ)
ណឺរ៉ូនជាកោសិកាឯកទេសដែលមាននាទីបញ្ជូនព័ត៌មាន(អាំងភ្លុចប្រសាទ)ទៅពាសពេញសារពាង្គកាយ។
អាំងភ្លុចប្រសាទជាព័ត៌មានទាំងឡាយដែលត្រូវបានដឹកនាំដោយណឺរ៉ូនឬកោសិកាប្រសាទ។
ណឺរ៉ូនមាននាទីសំខាន់ៗជាច្រើនដូចជាការធ្វើចលនា ការគិត ការរំជួលចិត្ត ការសិក្សា...។
- ដង់ឌ្រីត : ជាសរសៃឆ្មារៗហើយខ្លីដែលបែកចេញពីតួកោសិកា។ ដង់ឌ្រីតមាននាទីដឹកនាំអាំងភ្លុចប្រសាទចូលទៅក្នុងតួកោសិកានៃណឺរ៉ូន និងទទួលព័ត៌មានពីណឺរ៉ូនផ្សេងៗទៀត។
- តួកោសិកា : ជាផ្នែកដែលមានទំហំធំជាងគេ ហើយបែកចេញជាសរសៃឆ្មារៗហៅថាដង់ឌ្រីតមានច្រើន និងអាក់សូនមានតែមួយ។ តួកោសិកាមានផ្ទុកណ្វៃយ៉ូ មីតូកុងឌ្រី ប្រដាប់កុលស៊ី សារធាតុនីស និងណឺរ៉ូភីប្រ៊ី។ ពួកវាមាននាទីបញ្ជូនអាំងភ្លុចប្រសាទនៅក្នុងកោសិកាប្រសាទ។
សម្គាល់: ណឺរ៉ូភីប្រ៊ីជាសរសៃតូចល្អិតបំផុតដែលឃើញមាននៅក្នុងអាក់សូន ដង់ឌ្រីត និងតួកោសិកា)។
- អាក់សូន : ជាពន្លយដែលបែកចេញពីកោសិកាហើយមានទម្រង់ដូចដង់ឌ្រីតដែរប៉ុន្តែអាក់សូនមានតែមួយ វែង ហើយធំ។
ព័ត៌មានបន្ថែម : ណឺរ៉ូនជាច្រើនមានអាក់សូនដែលព័ទ្ធជុំវិញដោយសំបកពីរជាន់គឺសំបកមីញ៉េលីន និងសំបកស្វាន់។ សំបកមីញ៉េលីនកើតពីផូស្វរលីពីតដែលផ្ដល់ពណ៌សដល់សរសៃប្រសាទ។ សំបកស្វាន់ដែលគ្របដណ្ដប់លើសំបកមីញ៉េលីន កើតពីកោសិកាពិសេសគឺកោសិកាស្វាន់។ នៅចន្លោះតំបន់មីញ៉េលីនពីរមានលំហតូចមួយហៅថាថ្នាំងរ៉ង់រីយែ។ ថ្នាំងនេះហើយបណ្ដាលឲ្យអាំងភ្លុចប្រសាទបង្កើនល្បឿនតាមបណ្ដោយនៃអាក់សូន។
ខ. ប្រភេទផ្សេងៗនៃណឺរ៉ូន
ដោយយោងទៅលើភាពពន្លយស៊ីតូប្លាសនៃរបស់វាគេចែកណឺរ៉ូនជា ៣ ប្រភេទគឺ
- ណឺរ៉ូនឯកប៉ូល : ណឺរ៉ូនដែលមានពន្លយខ្លីមួយបែកចេញពីតួកោសិកា។
- ណឺរ៉ូនទ្វេប៉ូល : ណឺរ៉ូនដែលតួកោសិកាមានពន្លយពីរស្របគ្នាគឺមួយជាអាក់សូន និងមួយទៀតជាដង់ឌ្រីត។
- ណឺរ៉ូនពហុប៉ូល : ណឺរ៉ូនដែលតួកោសិកាមានពន្លយចេញមកច្រើន។ ដង់ឌ្រីតមានច្រើន ហើយខ្លី និងឆ្មារ។ អាក់សូនមានតែមួយគត់ ធំ ហើយវែង។
ពាក់ព័ន្ធនឹងនាទី គេចែកណឺរ៉ូនជា ៣ ប្រភេទគឺ
- ណឺរ៉ូនវិញ្ញាណនាំ : ជាណឺរ៉ូនឯកប៉ូល ដែលស្ថិតនៅតាមបណ្តោយសរសៃប្រសាទមាននាទីដឹកនាំព័ត៌មានពីធ្នួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ។
- ណឺរ៉ូនចលករ : ជាណឺរ៉ូនពហុប៉ូល ដែលតួកោសិកាប្រសាទដែលស្ថិតនៅចុងម្ខាងនៃណឺរ៉ូន ដែលកប់ក្នុងខួរក្បាល ឬខួរឆ្អឹងខ្នងមាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម (សាច់ដុំ ឬក្រពេញ)។
- ណឺរ៉ូនភ្ជាប់(អន្តរណឺរ៉ូន) : ភាគច្រើនជាណឺរ៉ូនទ្វេប៉ូល ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រសាទមាននាទីបញ្ជូនបន្តនូវព័ត៌មានចេញពីណឺរ៉ូនមួយ(ណឺរ៉ូនវិញ្ញាណនាំ) ទៅណឺរ៉ូនមួយផ្សេងទៀត(ណឺរ៉ូនចលករ)។
ទោះបីជាណឺរ៉ូនមានរូបរាងប្លែកៗក៏ដោយ ប៉ុន្តែយើងនៅតែអាចកំណត់នូវរូបផ្គុំនៃណឺរ៉ូន។ ដូចនេះណឺរ៉ូនមានបីផ្នែកសំខាន់ៗគឺ ដង់ឌ្រីត តួកោសិកា និងអាក់សូន។
គ. អាំងភ្លុចប្រសាទ
អាំងភ្លុចប្រសាទ ជាព័ត៌មានដែលដឹកនាំតាមបណ្តោយភីបប្រសាទ។ អាំងភ្លុចប្រសាទធ្វើដំណើរតាមបណ្តោយណឺរ៉ូនក្រោមរូបរាងជាសញ្ញាអគ្គិសនី និងគីមី។
អាំងភ្លុចប្រសាទមានទិសដៅដោយចាប់ផ្តើមពីដង់ឌ្រីតមួយ ហើយធ្វើដំណើរឆ្ពោះទៅកាន់តួកោសិការបស់ណឺរ៉ូនបន្ទាប់មកវាចុះតាមអាក់សូនរហូតដល់ចុង
អាក់សូន ឬ ស្ញាញអាក់សូន។
សម្គាល់ អាំងភ្លុចប្រសាទមានល្បឿន 120 ម៉ែត្រក្នុងមួយវិនាទី។
ឧទាហរណ៍ ទិសដៅអាំងភ្លុចប្រសាទចាប់ពីសំឡេងទូរស័ព្ទរោទ៍ រហូតដល់ពេលលើកទូរស័ព្ទ។
- ណឺរ៉ូនវិញ្ញាណនាំ :ធ្នួលត្រចៀកចាប់យកសូរសំឡេងរោទ៍របស់ទូរស័ព្ទ ហើយបង្កើតអាំងភ្លុចប្រសាទ ធ្វើដំណើរចេញពីដង់ឌ្រីតនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅតួកោសិកា ហើយចុះតាមអាក់សូន។
- ណឺរ៉ូនភ្ជាប់ (ឬអន្តរណឺរ៉ូន) : ចេញពីណឺរ៉ូនវិញ្ញាណនាំ អាំងភ្លុចប្រសាទឆ្លងកាត់ ស៊ីណាប់ពីអាក់សូននៃណឺរូនវិញ្ញាណនាំចូលទៅតាមដង់ឌ្រីត ចូលទៅតួកោសិកា នៃណឺរ៉ូនភ្ជាប់ ឬអន្តរណឺរ៉ូនដែលស្ថិតនៅក្នុងខួរក្បាល។ ខួរក្បាលក៏បានសម្រេចថាតើគួរតែឆ្លើយតបទូរស័ព្ទឬទេ?
- ណឺរ៉ូនចលករ : អាំងភ្លុចប្រសាទធ្វើដំណើរចេញពីចុងអាក់សូននៃណឺរ៉ូនភ្ជាប់ឆ្លងកាត់ស៊ីណាប់ទៅដង់ឌ្រីត រួចទៅកាន់តួកោសិកានៃណឺរ៉ូនចលករ បន្ទាប់មកអាំងភ្លុចប្រសាទធ្វើដំណើរតាមបណ្តោយណឺរ៉ូនចលករទៅកាន់សាច់ដុំ ហើយសាច់ដុំឆ្លើយតបដោយការលើកទូរស័ព្ទ។
ឃ. ស៊ីណាប់
ឃ. ស៊ីណាប់
ដំណើរនៃការដឹកនាំអាំងភ្លុចប្រាសាទពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត ប្រព្រឹត្តទៅដោយសារធាតុគីមី(ណឺរ៉ូនបញ្ជូនសារ) ដែលស្ថិតនៅខាងក្នុងពពុះតូចនៃចុងអាក់សូនដែលជាដូចនេះនៅពេលអាំងភ្លុចប្រសាទធ្វើដំណើរដល់ចុងអាក់សូន ពពុះតូចៗនៃសារធាតុគីមីក៏ផ្ទុះបែកបញ្ចេញណឺរ៉ូនបញ្ជូនសារ ដែលសាយឆ្លងកាត់ស៊ីណាប់។ បន្ទាប់មក ណឺរ៉ូនបញ្ជូនសារបង្កើតអាំងភ្លុចប្រសាទថ្មីនៅក្នុងដង់ឌ្រីតនៃណឺរ៉ូនបន្ទាប់ រួចធ្វើដំណើរទៅតួកោសិការបស់វា ហើយឆ្លងចូលទៅក្នុងអាក់សូន។ តាមវីធីនេះអាំងភ្លុចប្រសាទធ្វើដំណើរឆ្លងកាត់ពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត។
សំគាល់ : ស៊ីណាប់ធ្វើអោយអាំងភ្លុចប្រសាទមានទិសដៅតែមួយ(មិនត្រឡប់មកវិញ) ពីព្រោះមានតែនៅចុងម្ខាងអាក់សូនទេ ដែលអាចផលិតពពុះសារធាតុគីមី(ណឺរ៉ូនបញ្ជូនសារ)ដើម្បីដឹកនាំអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ និង បង្កើតអាំងភ្លុចប្រសាទថ្មីនៅលើដង់ឌ្រីត ឬតួកោសិកានៃណឺរ៉ូនបន្ទាប់។ ចំណែកដង់ឌ្រីតមិនអាចផលិតពពុះសារធាតុគីមី(ណឺរ៉ូនបញ្ជូនសារ) ដូចនេះអាំងភ្លុចប្រសាទមានទិដៅពីអាក់សូនទៅដង់ឌ្រីត។
ព័ត៌មានបន្ថែម :ណឺរ៉ូនបញ្ជូនសារសាយឆ្លងកាត់ស៊ីណាប់ ហើយចូលទៅក្នុងភ្នាសរបស់ណឺរ៉ូនបន្ទាប់ដែលនៅទីនោះវាភ្ជាប់ជាមួយធ្មួល។ យ៉ាងហោចណាស់ក៏មានណឺរ៉ូនបញ្ជូនសារចំនួន ២៥ ប្រភេទដែរ ខ្លះជា CO ខ្លះជា NO ខ្លះជា ប៉ិបទីត ឬអាស៊ីតអាមីនេ ឬជាធាតុស្រឡាយសារធាតុទាំងនោះ។ ណឺរ៉ូនបញ្ជូនសារមានពីរប្រភេទដែលច្រើនជួបប្រទះគឺ អាសេទីកូលីន (Ach) និង ណូរេពីណេព្រីន (NE)។ Ach និង NE អាចភ្ញោច ឬបង្អាក់សកម្មភាពរបស់អាំងភ្លុចប្រសាទ ទៅតាមប្រភេទនៃធ្មួលនៅលើភ្នាសរបស់ណឺរ៉ូនបន្ទាប់។
៣.៣ មជ្ឈមណ្ឌលប្រសាទ
៣.៣ មជ្ឈមណ្ឌលប្រសាទ
ប្រព័ន្ធប្រសាទមនុស្សចែកជាពីរផ្នែកសំខាន់គឺ
- មជ្ឈមណ្ឌលប្រសាទ រួមមានខួរក្បាល និងខួរឆ្អឹងខ្នង ។
- បរិមណ្ឌលប្រសាទ រួមមានគ្រប់សរសៃប្រសាទទាំងអស់ដែលលាតសន្ធឹងនៅខាងក្រៅមជ្ឈមណ្ឌលប្រសាទ។
ក. ខួរក្បាល
សរីរាង្គដែលសំខាន់ជាងគេនៃប្រព័ន្ធប្រសាទគឺខួរក្បាលពីព្រោះខួរក្បាលប្រមូលផ្តុំនូវណឺរ៉ូនប្រហែល 100 ពាន់លាន ហើយជាកន្លែងទទួល បកស្រាយ
ព័ត៌មាន និងបញ្ជាទៅផ្នែកផ្សេងៗនៃសារពាង្គកាយឲ្យធ្វើចលនា។
ម៉ាសខួរក្បាលមនុស្សប្រុស (1200 -1350g) និងមនុស្សស្រី (1000 - 1250g)។ ហើយផ្ទៃក្រឡារបស់វាប្រហែលពី 2000-2100 cm2។
ខួរក្បាលត្រូវបានការពារដោយឆ្អឹងលលាដ៏ក្បាល ស្រោមខួរ និងទឹកខួរ។
ទឹកខួរ ជាសារធាតុរាវដែលមាននៅក្នុងលំហដែលស្ថិតនៅចន្លោះរវាងស្រទាប់ក្នុងបង្អស់ និងស្រទាប់ក្រៅបង្អស់គឺស្រទាប់កណ្ដាលនៃស្រោមខួរ។
ទឹកខួរមាននាទីក្នុងការដឹកនាំអុកស៊ីសែន គ្លុយកូស គោលិកាស និងអរម៉ូន ដោយវាទទួលបានពីការចាប់យកពីសរសៃប្តូរ។
ដើម្បីឲ្យខួរក្បាលបំពេញនាទីបានល្អប្រសើរវាត្រូវតែទទួលបានការផ្គត់ផ្គង់ដោយអាហារ និងអុកស៊ីសែនបានគ្រប់គ្រាន់ជាប្រចាំ ព្រោះថាបើសិនជាវាគ្មានអុកស៊ីសែនតែក្នុងពេលតែ ២ ទៅ ៣ នាទីវានឹងត្រូវទទួលរងខូចខាតយ៉ាងខ្លាំងខ្លា ដែលអាចបណ្តាលអោយស្លាប់ទៀតផង។
ខួរក្បាលមានតំបន់បីសំខាន់គឺខួរធំ ខួរតូច និងខួរកញ្ចឹងក។
- ខួរធំមាននាទីដូចជាសំបកខួរនៃខួរធំជាផ្នែកដែលមាននាទីត្រួតពិនិត្យជាច្រើនរួមបញ្ចូលទាំងបញ្ញាផងដែលលក្ខណៈទាំងនេះរួមមាន ប្រឌិតញ្ញាណ ការពិចារណាជាដើម ក្រៅពីនេះវាក៏មាននាទីទទួល បកស្រាយឆ្លើយតបនឹងព័ត៌មានពីសរីរាង្គវិញ្ញាណដូចជាចក្ខុវិញ្ញាណ ជីវ្ហាវិញ្ញាណ កាយវិញ្ញាណ សោតវិញ្ញាណ និងឃានវិញ្ញាណផងដែរ។
- ខូរតូចមាននាទីត្រួតពិនិត្យចលនាអឆន្ទៈ និងចលនាឆន្ទៈមួយចំនួន ហើយវាក៏មាននាទីក្នុងការថែរក្សាលំនឹងសារពាង្គកាយផងដែរ។
- ខួរកញ្ចឹងកមាននាទីត្រួតពិនិត្យសកម្មភាពអឆន្ទៈរបស់សារពាង្គកាយ។
a. ខួរធំ : ជាផ្នែកធំជាងគេនៃខួរក្បាល។
ផ្នែកដែលសំខាន់ជាងគេនៃខួរធំគឺផ្នែកខាងក្រៅឬសំបកខួរ ព្រោះសំបកខួរជាផ្នែកដែលមាននាទីត្រួតពិនិត្យជាច្រើនរួមបញ្ចូលទាំងបញ្ញាផងដែលលក្ខណៈទាំងនេះរួមមាន ប្រឌិតញ្ញាណ ការពិចារណាជាដើម ក្រៅពីនេះវាក៏មាននាទីទទួលព័ត៌មានពីសរីរាង្គវិញ្ញាណដូចជាចក្ខុវិញ្ញាណ ជីវ្ហាវិញ្ញាណ កាយវិញ្ញាណ សោតវិញ្ញាណ និងឃានវិញ្ញាណផងដែរ។
ខួរធំកើតឡើងពីសារធាតុស(ផ្នែកខាងក្នុង) និងសារធាតុប្រផេះ(ផ្នែកខាងក្រៅ)។ សារធាតុសកើតពីភីបប្រសាទ(អាក់សូន និងស្រទាប់មីញ៉េលីន)។ ចំណែកសារធាតុប្រផេះកើតពីអន្តរណឺរ៉ូនយ៉ាងច្រើន និងតួកោសិកានៃណឺរ៉ូនចលករ។
ចំណាំ : សំបកមីញ៉េលីនកើតពីផូស្វរលីពីតដែលផ្ដល់ពណ៌សដល់សរសៃ ប្រសាទ។
ខួរធំចែកជាពីរអឌ្ឍគោលគឺ អឌ្ឍគោលឆ្វេង និងអឌ្ឍគោលស្តាំ។ ផ្នែកទាំងនោះមានទំនាក់ទំនងជាមួយគ្នាដោយឆ្លងកាត់តាមបាច់ប្រសាទ។ អឌ្ឈគោលខួរឆ្វេងត្រួតពិនិត្យសារពាង្គកាយចំហៀងខាងស្តាំ។ ព័ត៌មានដែលចេញពីអឌ្ឈគោលខួរស្តាំ ត្រួតពិនិត្យចលនាសារពាង្គកាយចំហៀងខាងឆ្វេង។ អឌ្ឍគោលខួរចែកចេញជា 4 កំពកស្ថិតនៅផ្នត់ជ្រៅៗ។
- កំពកខាងមុខ ឬកំពកថ្ងាសកំណត់នូវសកម្មភាពនិយាយ គិត និងចលនានៃសារពាង្គកាយ (ចលនាឆន្ទៈ)។
- កំពកសៀតផ្កា កំណត់ផ្នែករសជាតិ ក្លិន ល្បឺ ដែលមានទំនាក់ទំនងជាមួយជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងសោតវិញ្ញាណ។
- កំពកចំហៀងមានទំនាក់ទំនងជាមួយកាយវិញ្ញាណ (បំណះទង្គិច ការឈឺចាប់ សម្ពាធ និងសីតុណ្ហភាព)។
- កំពកពយ ឬកំពកខាងក្រោយកំណត់នូវគំហើញ ដែលទាក់ទងទៅនឹងចក្ខុវិញ្ញាណ។
ផ្នែកផ្សេងៗនៃខួរធំ មានតាឡាមុស និងអ៊ីបូតាឡាមុស ៖
- តាឡាមុសស្ថិតនៅផ្នែកបាតនៃខួរធំមានទម្រង់ដូចស៊ុតមួយគូ ដែលកើតឡើងពីសារធាតុប្រផេះ។ វាមាននាទីចាប់យកអាំងភ្លុចប្រសាទពីណឺរ៉ូនវិញ្ញាណនាំបញ្ជូនទៅកាន់ផ្នែកត្រឹមត្រូវនៅក្នុងសំបកខួរ ដែលនឹងត្រូវធ្វើការបកស្រាយ។ ក្រៅពីនេះវាមាននាទីជ្រើសរើសព័ត៌មានមួយចំនួន ដែលអាចទប់ស្កាត់ការមិនសូវរំភើបខ្លាំងពេក និងបង្ការបន្ទុកច្រើនហួសខាងវិញ្ញាណ។
- អ៊ីបូតាឡាមុស ស្ថិតនៅផ្នែកបាតនៃខួរធំ ខាងក្រោមតាឡាមុស។ វាមាននាទីត្រួតពិនិត្យការស្រេកឃ្លាន តំហែរក្សា សីតុណ្ហភាព តុល្យភាពទឹក និងសម្ពាធឈាម។ បន្ថែមពីនេះអ៊ីប៉ូតាឡាមុសមាននាទីបង្កើនឬភ្ញោចការបញ្ចេញអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីស។
b. ខួរតូច : ជាផ្នែកដែលស្ថិតនៅខាងក្រោមខួរធំ វាត្រូវបានគេចែកជាអឌ្ឍគោលចំនួនពីរ។ ខួរតូចត្រួតពិនិត្យចលនាឆន្ទៈទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ព្រមទាំងធ្វើការរួមគ្នាជាមួយសំបកខួរក្បាល។
ចលនាឆន្ទៈ : សំបកខួរក្បាល និងខួរតូចធ្វើការរួមគ្នាព្រោះអាំងភ្លុចចលករដែលចេញពីសំបកខួរក្បាលដឹកនាំតាមផ្លូវប្រសាទតាមមែកធាងខ្លះទៅសាច់ដុំ និងបែកមែកផ្សេងទៀតទៅកាន់ខួរតូចដែរ ហើយសាច់ដុំក៏បញ្ជូនអាំងភ្លុចប្រសាទវិញ្ញាណទៅខួរតូចផងដែរ ដោយអាំងភ្លុចទាំងនេះផ្តល់ព័ត៌មានពីទីតាំងសាច់ដុំនិងអាត្រានៃការកន្រ្តាក់។ បន្ទាប់មកខួរតូចបញ្ជូនអាំងភ្លុចទៅកាន់សំបកខួរក្បាលដើម្បីកែលំអ និងសម្របសម្រួលចលនារបស់សាច់ដុំ។ ការធ្វើការរួមគ្នានេះបង្កើតជាចលនាឆន្ទ: មួយមានសណ្ដាប់ធ្នាប់ និងរលូន។
ខួរតូចត្រួតពិនិត្យចលនាអឆន្ទៈខ្លះៗ ដូចជាការថែរក្សាតុល្យភាពលំនឹង។ ប្រសិនបើខួរតូចមានការបាត់បង់ ឬខូចខាត គេសង្កេតឃើញ សារពាង្គកាយបាត់បង់តុល្យភាព ឬមានចលនាកន្រ្តាក់ញ័រៗ។ នៅពេលស្រវឹងខួរតូចបាត់បង់នាទីត្រួតពិនិត្យចលនាឆន្ទ:(ការរក្សាលំនឹងសារៈពាង្គកាយ)។ ដូចនេះវាមិនអាចកែលំអនិងសម្របសម្រួលចលនារបស់សាច់ដុំក្នុងការធ្វើចលនា ធ្វើឲ្យអ្នកស្រវឹងមានដំណើរទ្រេតទ្រោត និងមិនអាចបញ្ជាលើខ្លួនឯងបាន។ ជាតិអាល់កុលនៃគ្រឿងស្រវឹងរលាយហើយជ្រាបចូលតាមភ្នាសណឺរ៉ូន ដែលរាំងស្ទះមិនឲ្យបញ្ចេញណឺរ៉ូនបញ្ជូនសារដើម្បីបញ្ជូនអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់។
c. ខួរកញ្ចឹងក : វាស្ថិតនៅខាងក្រោមខួរក្បាលហើយភ្ជាប់នឹងខួរឆ្អឹងខ្នង។ វាកើតឡើងពីសារធាតុស(ផ្នែកខាងក្រៅ) និងសារធាតុប្រផេះ(ផ្នែកខាងក្នុង)។ សារធាតុសកើតពីភីបប្រសាទ(អាក់សូន និងស្រទាប់មីញ៉េលីន)។ ចំណែកសារធាតុប្រផេះកើតពីអន្តរណឺរ៉ូន និងតួកោសិកានៃណឺរ៉ូនចលករ។
ខួរកញ្ចឹងកមាននាទីត្រួតពិនិត្យសកម្មភាពអឆន្ទៈរបស់សារពាង្គកាយដូចជា ចង្វាក់ដង្ហើម ចង្វាក់បេះដូង ការបញ្ចេញអរម៉ូនរបស់ក្រពេញខួរលើតម្រងនោម ការរំលាយអាហារ ការកន្រ្តាក់ប្លោកនោម ការបញ្ចេញទឹកមាត់ ការកន្រ្តាក់សាច់ដុំប្រស្រីភ្នែក … ។
ខ. ខួរឆ្អឹងខ្នង : ក៏ដូចជាខួរក្បាលដែរ ខួរឆ្អឹងខ្នងត្រូវបានការពារដោយ ឆ្អឹងខ្នង ស្រោមខួរ និងធាតុរាវ ទឹកខួរ។ ខួរឆ្អឹងខ្នងត្រូវបានការពារដោយឆ្អឹងខ្នង ស្រោមខួរ និងធាតុរាវជាទឹកខួរ។
ខ្នាត់ទទឹងនៃខួរឆ្អឹងខ្នង បង្ហាញអោយឃើញថាផ្នែកខាងក្នុងមានរូបរាងជាអក្សរ H ដែលជាសារធាតុប្រផេះ ហើយត្រូវបានរុំព័ទ្ធជុំវិញដោយស្រទាប់ក្រៅជាសារធាតុស។ សារធាតុសកើតពីភីបប្រសាទ(អាក់សូន និងស្រទាប់មីញ៉េលីន)។ ចំណែកសារធាតុប្រផេះកើតពីអន្តរណឺរ៉ូន និងតួកោសិកានៃណឺរ៉ូនចលករ។ ខួរឆ្អឹងខ្នងមានសារៈសំខាន់ដោយសំអាងលើហេតុផលពីរគឺ ៖
- ទីមួយខួរឆ្អឹងខ្នងភ្ជាប់សរសៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាល។ អាំងភ្លុចប្រសាទចេញពីណឺរ៉ូននាំធ្វើដំណើរតាមខួរឆ្អឹងខ្នងដោយសារអន្តរណឺរ៉ូនទៅខួរក្បាល ហើយអាំងភ្លុចប្រសាទចេញពីខួរក្បាលបញ្ជូនចុះទៅខួរឆ្អឹងខ្នងតាមអន្តរណឺរ៉ូនទៅកាន់ណឺរ៉ូនចលករ។ អាំងភ្លុចប្រសាទនេះ ធ្វើដំណើរតាមបរិមណ្ឌលប្រសាទទៅកាន់សាច់ដុំ និងក្រពេញ។
- ទីពីរ ខួរឆ្អឹងខ្នងត្រួតពិនិត្យរ៉េផ្លិចខ្លះៗដែលតំណបស្វ័យប្រវត្តិមិនទាក់ទងនឹងខួរក្បាល។
* ទម្រង់ដែលទាក់ទងក្នុងលំនាំរ៉េផ្លិចមានធ្មួលវិញ្ញាណ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ ណឺរ៉ូនចលករ និងសរីរាង្គប្រតិកម្ម (ក្រពេញ សាច់ដុំរលីង និងសាច់ដុំបេះដូង)។
* រ៉េផ្លិចជាសកម្មភាពអឆន្ទៈឆ្លើយតបដោយស្វ័យប្រវត្តដែលកើតឡើងដោយមិនបានគិតមុន (គ្មានការចូលរួមពីខួរក្បាល)។ ដូចនេះសកម្មភាពនេះរហ័ស និងអាចការពារសារពាង្គកាយពីគ្រោះថ្នាក់ផ្សេងៗដូចជាការប៉ះវត្ថុមុតស្រួចឬសីតុណ្ហភាពក្ដៅខ្លាំង។ កន្រ្តាក់ក្បាលជង្គង់ ព្រីចភ្នែក ដកដៃចេញពីវត្ថុក្តៅពេក ឬត្រជាក់ពេក។
ឧទាហរណ៍ : នៅពេលយើងជាន់វត្ថុមុតស្រួច យើងដកជើងចេញយ៉ាងរហ័ស។ សកម្មភាពប្រព្រឹត្តទៅដូចជា ៖
- នៅពេលដែលយើងប៉ះនឹងវត្ថុស្រួចធ្មួលវិញ្ញាណឈឺចាប់ផ្តើមបង្កើតអាំងភ្លុចប្រសាទ ដែលធ្វើដំណើរតាមខ្នែង វិញ្ញាណនាំចូលទៅផ្នែកខ្នងនៃសារធាតុប្រផេះរបស់ខួរឆ្អឹងខ្នង។ អាំងភ្លុចប្រសាទនេះឆ្លងកាត់តាមណឺរ៉ូនភ្ជាប់ នៅក្នុងខួរឆ្អឹងខ្នង ហើយធ្វើដំណើរតាមផ្នែកចលករនៃសរសៃប្រសាទឆ្អឹងខ្នង ដែលផ្តើមចេញនៃផ្នែកពោះនៃសារធាតុប្រផេះ។ តាមរយៈណឺរ៉ូនចលករអាំងភ្លុចនេះបានទៅភ្ញោចសរីរាង្គប្រតិកម្មគឺសាច់ដុំជើងឲ្យកន្ត្រាក់ជើងចេញពីវត្ថុមុតស្រួច។ លំនាំនេះហៅថារ៉េផ្លិច។
- ស្របពេលឬក្រោយពេលយើងកន្ត្រាក់ជើងចេញពីវត្ថុមុតស្រួច អាំងភ្លុចប្រសាទមួយចំនួនទៀតឆ្លងកាត់ណឺរ៉ូនភ្ជាប់មួយទៀតធ្វើដំណើរឡើងតាមខួរឆ្អឹងខ្នងឡើងទៅកាន់ខួរក្បាល។ នៅទីនោះខួរក្បាលបកស្រាយអាំងភ្លុចប្រសាទនេះ ធ្វើឲ្យយើងដឹងថាមុតវត្ថុមុតស្រួច ហើយបកស្រាយថាមានអារម្មណ៍ឈឺចាប់។
៣.៥. បរិមណ្ឌលប្រសាទ
ផ្នែកទាំងអស់នៃប្រព័ន្ធប្រសាទរួមបញ្ជូលទាំងសរសៃប្រសាទលលាដ៏ក្បាល និងសរសៃប្រសាទឆ្អឹងខ្នងលើកលែងតែខួរក្បាល និងខួរឆ្អឹងខ្នងជាបរិមណ្ឌលប្រសាទ។ សរសៃប្រសាទលលាដ៏ក្បាលមាន 12 គូដែលបែកចេញពីខួរក្បាល។ ឯសរសៃប្រសាទឆ្អឹងខ្នងមាន 31 គូ ដែលបែកចេញពីខួរឆ្អឹងខ្នង។ សរសៃប្រសាទឆ្អឹងខ្នងមួយគូៗ បែកខ្នែងមុននឹងចូលទៅក្នុងខួរឆ្អឹងខ្នងគឺខ្នែងវិញ្ញាណនាំចូលទៅក្នុងផ្នែកខ្នងនៃសារធាតុប្រផេះរបស់ខួរឆ្អឹងខ្នង ចំណែកខ្នែងចលករនៃសរសៃប្រសាទឆ្អឹងខ្នងនីមួយៗចាប់ផ្តើមពីពោះរបស់សារធាតុប្រផេះ។
ព័ត៌មានបន្ថែម : សរសៃប្រសាទលលាដ៏ក្បាលមាន ១២ គូលេចចេញពីផ្នែកបាតនៃឆ្អឹងលលាដ៏ក្បាល។ សរសៃប្រសាទលលាដ៏ក្បាលភាគច្រើនទាក់ទងនឹងការត្រួតពិនិត្យសកម្មភាពសាច់ដុំ និងក្រពេញរបស់សរីរាង្គវិញ្ញាណដែលស្ថិតនៅក្នុងក្បាល។ សរសៃប្រសាទលលាដ៏ក្បាលទី ១ ២ ៣ ៤ ៦ និង ៨ ជាសរសៃប្រសាទវិញ្ញាណនាំ ទី៩ ១១ និង១២ ជាសរសៃប្រសាទចលករ និងទី ៥ ៧ និង១០ ជាសរសៃប្រសាទចម្រុះ។ ចំណែកឯសរសៃប្រសាទទី១០ ជាសរសៃប្រសាទដែលលាតសន្ធឹងទៅក្នុងប្រហោងនៃសារពាង្គកាយ(វាទាក់ទងនឹងសរីរាង្គផ្សេងៗក្នុងសារពាង្គកាយ)។ សរសៃប្រសាទឆ្អឹងខ្នង មាន ៣១ គូ មានសរសៃប្រសាទ ៨ គូចេញពីផ្នែកកញ្ចឹងក ១២ គូចេញពីផ្នែកទ្រូង ៥ គូចេញពីផ្នែកចង្កេះ ៥ គូចេញពីផ្នែកត្រគាក និង ១ គូចេញពីផ្នែកកញ្ចូញគូទ។
ណឺរ៉ូនចលករនៃបរិមណ្ឌលប្រសាទចែកចេញជាពីរក្រុមគឺ
- ប្រព័ន្ធប្រសាទសូម៉ាទិច មានណឺរ៉ូនចលករដែលភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹងសាច់ដុំឆ្នូត ឬ សាច់ដុំឆន្ទៈ។ វាត្រួតពិនិត្យ និងសម្របសម្រួសកម្មភាពឆន្ទ:នៃសារពាង្គកាយដូចជា ការរត់ ការសរសេរ ការអានសៀវភៅជាដើម...។ ប្រព័ន្ធប្រសាទសូម៉ាទិចមានសរសៃប្រសាទវិញ្ញាណនាំ និងសរសៃប្រសាទចលករ។ តួកោសិកានៃសរសៃប្រសាទទាំងនេះមាននៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ហើយអាក់សូនរបស់វាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសាច់ដុំជាប់ឆ្អឹង។
- ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ ភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹងក្រពេញ សាច់ដុំរលីង និងសាច់ដុំបេះដូង។ វាតម្រូវសកម្មភាពអឆន្ទៈនៃសរីរាង្គខាងក្នុង និងថែរក្សាលំនឹង។ ប្រព័ន្ធប្រសាទនេះដើរតួសំខាន់ក្នុងតម្រូវដង្ហើម បញ្ចេញចោល របត់ឈាម រំលាយអាហារ ក៏ដូចជាការចញ្ចឹម ការបន្តពូជ និងការបន្សុំាទៅនឹងលក្ខខណ្ឌនៃបរិស្ថាន។ សរីរាង្គប្រតិកម្មនៃប្រព័ន្ធប្រសាទស្វ័យប្រវត្តមានភីបសាច់ដុំរលីងនៃផ្នែកខាងក្នុងរបស់សរីរាង្គក្នុងសាច់ដុំបេះដូង និងក្រពេញ។
ប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកចេញជាពីរផ្នែកដែលមាននាទីផ្ទុយគ្នាគឺ
ប្រព័ន្ធប្រសាទសាំប៉ាទិច និងប៉ារ៉ាសាំប៉ាទិច។
- ប្រព័ន្ធប្រសាទសាំប៉ាទិច : មានសកម្មភាពនៅពេលមានភាពតានតឹង។
- ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច: បន្ទាប់ពីមានភាពអាសន្នប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិចធ្វើឲ្យសារពាង្គកាយត្រឡប់ទៅរកភាពធម្មតាវិញ។
៣.៥. ថ្នាំនិងប្រព័ន្ធប្រសាទ
អាល់កុលពន្យឺតសកម្មភាពមជ្ឈមណ្ឌលប្រសាទដូចជាការវិនិច្ឆ័យ ការពិចារណា សតិ និងការប្រមូលអារម្មណ៍ថយចុះ។ នៅពេលប្រើប្រាស់អាល់កុលច្រើនហួសបំផ្លាញកោសិកាខួរក្បាល និងថ្លើម។
កាផេអ៊ីនបង្កើនល្បឿនសកម្មភាពនៃមជ្ឈមណ្ឌលប្រសាទ។ នៅពេលប្រើកាផេអ៊ីនច្រើនហួសអាចបង្កើនអត្រាចង្វាក់បេះដូង និងបណ្តាលឲ្យរសាប់រសល់ ដំណើរញ័រៗ ដេកមិនលក់ ហើយកាផេអ៊ីនអាចភ្ញោច តម្រងនោមឲ្យផលិតទឹកនោមច្រើន។
សារធាតុនីកូទីនបង្កើនការបញ្ចេញអរម៉ូនអេពីណេព្រីនបង្កើនអត្រាចង្វាក់បេះដូង សម្ពាធឈាម អត្រាដង្ហើម និងការបញ្ចេញជាតិអាស៊ីតទៅក្នុងក្រពះ។
Post a Comment
Post a Comment