ជំពូកទី ១ ៖ នានាភាពនៃភាវរស់
មេរៀនទី ១ ចំណែកថ្នាក់និងដើមឈើមែកធាងពូជអម្បូរ
* សំណួរទី 13 : ដូចម្តេចដែលហៅថាចំណែកថ្នាក់?
ចម្លើយ : ចំណែកថ្នាក់ គឺជាការប្រមូលផ្តុំគំនិត ព័ត៌មាន ឬវត្ថុផ្សេងៗគ្នាដោយផ្អែកទៅលើ
លក្ខណៈប្រហាក់ប្រហែលគ្នារបស់វា។
* សំណួរទី 14 : ហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រធ្វើចំណែកថ្នាក់?
ចម្លើយ : បានជាអ្នកវិទ្យាសាស្ត្រធ្វើចំណែកថ្នាក់ពីព្រោះដើម្បីស្គាល់ច្បាស់ថាតើភាវរស់ទាំងនោះមានលក្ខណៈដូចម្តេច និងងាយស្រួលក្នុងការហៅឈ្មោះ ជាពិសេសជួយឱ្យជីវៈវិទូដឹងពីភាពប្លែកៗគ្នារបស់ភាវរស់ទាំងនោះ។
* សំណួរទី 15 : តើនាមវល្លីទ្វេនាមសម្គាល់ដោយអក្សរដូចម្ដេច? ឧទាហរណ៍។
ចម្លើយ : នាមវល្លីទ្វេនាមសម្គាល់ដោយពាក្យពីរម៉ាត់គឺពាក្យខាងដើមដោយអក្សរធំមួយសម្គាល់ឈ្មោះពួក ឯពាក្យបន្ទាប់ត្រូវផ្ដើមដោយអក្សរតូចសម្រាប់សម្គាល់ឈ្មោះប្រភេទ ហើយសរសេរដោយអក្សរទ្រេត។ ឧទាហរណ៍ សត្វចចកគឺកានីស លុពុស (Canis lupus)។
* សំណួរទី 16 : ដូចម្ដេចដែលហៅថានាមវល្លីទ្វេនាម?
ចម្លើយ : នាមវល្លីទ្វេនាមជាឈ្មោះវិទ្យាសាស្ត្រ សម្រាប់ហៅឈ្មោះរបស់ភាវរស់នីមួយៗ។
* សំណួរទី 17 : ចូរឲ្យនាមវល្លីទ្វេនាមរបស់ ទីទុយ ឆ្មា ចចក តោ ខ្ទឹមបារាំង។
ចម្លើយ : - នាមវល្លីទ្វេនាមរបស់ទីទុយគឺ ប៊ុបូ វីស៊ីនីអានុស (Bubo virginianus)
- នាមវល្លីទ្វេនាមរបស់ឆ្មាគឺ ផេលីស ដូមេស្ទីគុស (Felis domesticus)
- នាមវល្លីទ្វេនាមរបស់ចចកគឺ កានីស លុពុស (Canis lupus)
- នាមវល្លីទ្វេនាមរបស់តោគឺ ប៉ង់តេរ៉ា ឡេអូ (Panthera leo)
- នាមវល្លីទ្វេនាមរបស់ខ្ទឹមបារាំងគឺ អាល់លីយ៉ុម សេប៉ា (Allium cepa)។
* សំណួរទី 18 : តើភាវរស់ចែកចេញជាប៉ុន្មានកម្រិតតសំខាន់ៗ? អ្វីខ្លះ?
ចម្លើយ : ភាវរស់ចែកជាប្រាំពីរកម្រិតសំខាន់ៗគឺ រជ្ជៈ សាខា ថ្នាក់ លំដាប់ អម្បូរ ពួក និងប្រភេទ។
* សំណួរទី 19 :តើគេចាត់ទុកភាវរស់ទាំងឡាយចូលទៅក្នុងរជ្ជៈណាមួយដោយផ្អែកទៅលើអ្វី?
ចម្លើយ : គេចាត់ទុកភាវរស់ទាំងឡាយចូលទៅក្នុងរជ្ជៈណាមួយដោយផ្អែកទៅលើកោសិកា មានណ្វៃយ៉ូ ឬអត់ សារពាង្គកាយជាពហុកោសិកា ឬឯកោសិកា សារពាង្គកាយផលិត អាហារខ្លួនឯង ឬអត់ សារពាង្គកាយផ្លាស់ទី ឬទេ។
* សំណួរទី 20 : ដើម្បីងាយស្រួលក្នុងការរៀបរាប់ និងហៅឈ្មោះភាវរស់ តើគេត្រូវធ្វើដូចម្តេច?
ចម្លើយ : ដើម្បីងាយស្រួលក្នុងការរៀបរាប់ និងហៅឈ្មោះភាវរស់ គេត្រូវរៀបភាវរស់ទាំងអស់នោះទៅតាមក្រុមដែលទាក់ទងនឹងរបៀបរស់នៅ។
សំណួរទី 21 : តើតាក់សូណាមីជាអ្វី?
តាក់សូណាមីជាវិទ្យាសាស្ត្រនៃការធ្វើចំណែកថ្នាក់ និងការហៅឈ្មោះរបស់ភាវរស់។
* សំណួរទី 22 : ដូចម្តេចដែលហៅថាសរីរាង្គអូម៉ូឡូក? សរីរាង្គអាណាឡូក?
ចម្លើយ : - សរីរាង្គអូម៉ូឡូកគឺជាសរីរាង្គដែលមានឆ្អឹងខាងក្នុងប្រហាកប្រហែលឬដូចគ្នា ប៉ុន្តែមានមុខងារខុសគ្នា។
- សរីរាង្គអាណាឡូកគឺជាសរីរាង្គដែលមាននាទីដូចគ្នា តែមានទម្រង់ និងលក្ខណៈខុសគ្នា
* សំណួរទី 23 : ហេតុអ្វីបានជាជីវៈវិទូធ្វើចំណែកថ្នាក់?
ចម្លើយ : បានជាជីវៈវិទូធ្វើចំណែកថ្នាក់ពីព្រោះដើម្បីស្គាល់ច្បាស់ថា តើភាវរស់ទាំងនោះមាន
លក្ខណៈដូចម្តេច ដឹងពីភាពប្លែកៗគ្នារបស់ភាវរស់ និងងាយស្រួលក្នុងការហៅឈ្មោះរបស់ពួកវា។
* សំណួរទី 24 : ការធ្វើអត្តសញ្ញាណសារពាង្គកាយដោយឈ្មោះវិទ្យាសាស្ត្រមានអត្ថប្រយោជន៍អ្វី?
ចម្លើយ : ការធ្វើអត្តសញ្ញាណសារពាង្គកាយដោយឈ្មោះវិទ្យាសាស្ត្រមានអត្ថប្រយោជន៍ដូចជា
- បានស្គាល់ពីឈ្មោះវិទ្យាសាស្ត្ររបស់ប្រភេទនីមួយៗដែលកំណត់អត្តសញ្ញាណរបស់ភាវរស់។
- ស្គាល់ពីពួក និងប្រភេទរបស់ភាវរស់ ពីព្រោះឈ្មោះរបស់ភាវរស់មួយកំណត់ដោយពួក និងប្រភេទ។
- ងាយស្រួលហៅឈ្មោះរបស់ភាវរស់ទៅតាមអត្តសញ្ញាណរបស់វា។
- បង្កភាពងាយស្រួលក្នុងការធ្វើចំណែកថ្នាក់។
* សំណួរទី 25 : ដូចម្ដេចដែលហៅថាដើមឈើមែកធាងពូជអម្បូរ?
ចម្លើយ : ដើមឈើមែកធាងពូជអម្បូរជាប្រវត្តិនៃការវិវត្តរបស់សារពាង្គកាយមួយប្រភេទ ឬមួយក្រុម។
Post a Comment
Post a Comment