1. តើជីវវិទ្យាជាអ្វី?
ជីវវិទ្យាជាការសិក្សាអំពីភាវរស់ដែលរស់នៅលើផែនដីរួមមាន រូបផ្គុំ ការប្រើប្រាស់ថាមពល តំណបរំញោច ប្រភព ការវិវត្ត ការធំធាត់ និងការលូតលាស់ ការបន្តពូជ ការចិញ្ចឹមជីវិត ចលនាដំណកដង្ហើម ការបញ្ចេញចោល និងរបាយភាវរស់នៅលើផែនដី។
2. តើភាវរស់មានលក្ខណៈពិសេសអ្វីខ្លះ?
ភាវរស់ទាំងអស់មានលក្ខណៈពិសេសដូចជា រូបផ្គុំ ការប្រើប្រាស់ថាមពល តំណបរំញោច ការធំធាត់ ការលូតលាស់ ការបន្តពូជ ការចិញ្ចឹមជីវិត ចលនា ដំណកដង្ហើម និងការបញ្ចេញចោល។
3. ចូរពន្យល់ពីភាពខុសគ្នារវាងការធំធាត់ និងការលូតលាស់។ ចូរឱ្យឧទាហរណ៍បញ្ជាក់។
ភាពខុសគ្នារវាងការលូតលាស់ និងការធំធាត់មានដូចជា ៖
- ការធំធាត់គឺជាលំនាំមួយដែលសារពាង្គកាយក្លាយទៅជាធំ។
ឧទាហរណ៍ កូនមាន់ធំធាត់ក្លាយទៅជាមេមាន់។
- ការលូតលាស់គឺជាលំនាំមួយនៃការផ្លាស់ប្ដូរដែលកើតមានក្នុងរយៈពេលនៃការរស់នៅរបស់សារពាង្គកាយដើម្បីបង្កើតបានជាសារពាង្គកាយមួយសាំញ៉ាំ និងពេញលេញ។
ឧទាហរណ៍ការលូតលាស់របស់មេអំបៅគឺការលូតលាស់ពីដឹកដឿទៅជាមេអំបៅ។
4. ហេតុអ្វីបានជាភាវរស់ត្រូវការថាមពល?
បានជាភាវរស់ត្រូវការថាមពលពីព្រោះ កោសិកាទាំងរបស់សារពាង្គកាយធ្វើការជានិច្ចនិងខ្លាំងក្លានៅពេលដែលសារពាង្គកាយត្រូវដូចជាដំណកដង្ហើម ការកន្ត្រាក់របស់បេះដូង ការធ្វើចលនាផ្លាស់ទី... ដូចនេះ កោសិការបស់សារពាង្គកាយត្រូវការប្រើប្រាស់ថាមពលជានិច្ច។
5. ដូចម្ដេចដែលហៅថាការបន្តពូជ?
ការបន្តពូជជាការបង្កើតកូនចៅសណ្ដានក្រោយដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងមេបា។
6. តើរំញោចជាអ្វី? តំណបរំញោចជាអ្វី? ចូរអោយឧទាហរណ៍បញ្ជាក់។
- រំញោចជាបម្រែបម្រួលនៃមជ្ឈដ្ឋានជុំវិញសារពាង្គកាយដែលបណ្ដាលអោយសារពាង្គកាយមានប្រតិកម្ម។
- តំណបរំញោចជាប្រតិកម្មរបស់សារពាង្គកាយទៅនឹងបម្រែបម្រួលនៃមជ្ឈដ្ឋានជុំវិញសារពាង្គកាយ។
- ឧទាហរណ៍ ផ្កាឈូករ័ត្នបែរតាមពន្លឺព្រះអាទិត្យ។ ពេលរងាយើងដណ្ដប់ភួយ…។
7. តើមីក្រូទស្សន៍អាចជួយអ្វីខ្លះដល់អ្នកវិទ្យាសាស្ត្រ?
មីក្រូទស្សន៍អាចជួយអ្នកវិទ្យាសាស្ត្រដូចជា ៖
- រកឃើញនូវអាថ៌កំបាំងផ្សេងៗដែលគេមិនអាចមើលឃើញដោយភ្នែកទទេ។
- អាចពង្រីករូបភាព វត្ថុតូចៗទៅជាធំបាន។
- អាចរកឃើញ និងសិក្សាពីកោសិកា។
- សម្រាប់សិក្សាពីទម្រង់កោសិកាសត្វ និងរុក្ខជាតិក្នុងមន្ទីរពិសោធន៍។
- អាចសិក្សាពីទម្រង់លំអិតរបស់ភាវរស់ដែលមិនអាចមើលឃើញដោយភ្នែកទទេ បានដូចជា បាក់តេរី វីរុស ប្រូទីស...។
8. តើជីវវិទ្យាសិក្សាពីអ្វីខ្លះ?
ជីវវិទ្យាសិក្សាអំពីភាវរស់ដែលរស់នៅលើផែនដីរួមមាន រូបផ្គុំ ការប្រើប្រាស់ថាមពល តំណបរំញោច ប្រភព ការវិវត្ត ការធំធាត់ និងការលូតលាស់ ការបន្តពូជ ការចិញ្ចឹមជីវិត ចលនាដំណកដង្ហើម ការបញ្ចេញចោល និងរបាយភាវរស់នៅលើផែនដី។
9. តើការសិក្សាជីវវិទ្យាផ្ដល់ប្រយោជន៍អ្វីខ្លះ?
ការសិក្សាជីវវិទ្យាយ៉ាងហោចណាស់អាចឱ្យយើងស្គាល់ពីសរីរាង្គផ្សេងៗក្នុងសារពាង្គកាយដូចជា បេះដូង សួត ដំណកដង្ហើម ការរំលាយអាហារជាដើម។ ក្រៅពីនេះវាមានទំនាក់ទំនងជាមួយវិស័យផ្សេងៗមានកសិកម្ម វេជ្ជសាស្ត្រជាដើម។ ក្នុងវិស័យកសិកម្ម គេបានផលិតថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ការបង្កាត់ពូជរុក្ខជាតិ...។ ក្នុងវិស័យវេជ្ជសាស្ត្រគេផលិតថ្នាំអង់ទីប្យូទិចសម្រាប់ការពារ និងប្រឆាំងនឹងជំងឺផ្សេងៗដែលបណ្ដាលមកពីបាក់តេរី និងបង្កើតវ៉ាក់សាំង។
10. តើមីក្រូទស្សន៍គឺជាអ្វី?
មីក្រូទស្សន៍គឺជាឧបករណ៍មួយដែលអាចពង្រីករូបភាពវត្ថុតូចៗទៅជាធំបាន។
11. ដូចម្ដេចដែលហៅថាមីក្រូទស្សន៍សមាស?
មីក្រូទស្សន៍សមាសគឺជាមីក្រូទស្សន៍ដែលប្រើកែវពង្រីកលើសពីមួយឡើងទៅ ហើយវាអាចពង្រីកវត្ថុមួយបានធំជាងមីក្រូទស្សន៍ដែលប្រើកែវពង្រីកតែមួយ។
12. ចូរពណ៌នាពីលំនាំរូបភាពដែលត្រូវបានពង្រីកដោយមីក្រូទស្សន៍សមាស?
លំនាំរូបភាពដែលត្រូវបានពង្រីកដោយមីក្រូទស្សន៍សមាសមានដូចជា ដំបូងពន្លឺឆ្លងកាត់តាមវត្ថុពិសោធន៍។ បន្ទាប់មកវាឆ្លងកាត់អុបសិចទិប ដែលស្ថិតនៅក្បែរវត្ថុពិសោធន៍នោះសម្រាប់វត្ថុ។ នៅទីបញ្ចប់ពន្លឺនេះត្រូវឆ្លងកាត់តាមអូគូយលែ ដែលស្ថិតនៅក្បែរភ្នែក សម្រាប់ពង្រីករូបភាពដែលបង្កើនដោយអុបសិចទីប។
13. តើមីក្រូទស្សន៍សមាសអាចពង្រីករូបបានធំប៉ុន្មានដង?
ជាទូទៅសម្រាប់មីក្រូទស្សន៍គំរូភាគច្រើនមានអុបសិចទីបធំអាចពង្រីកបាន 40 ដង (×40) ហើយ ហើយអូគុយលែអាចពង្រីកបាន 10ដង (×10)។ ដូចនេះ សរុបពង្រីកទាំងអស់គឺ 40×10 ឬ 400ដង។
Post a Comment
Post a Comment